នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារអធិការកិច្ចក្រសួងបរិស្ថាន ដោយមានការចូលរួមពីមេធាវីប្រចាំក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋាន បានបន្ដចុះត្រួតពិនិត្យករណីបំពុលទឹកព្រែកកំពង់សីលា ដែលមានប្រភពចេញពីការបង្ហូរសំណល់រាវរបស់ក្រុមហ៊ុន ហៅរួយដា (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ជាលទ្ធផលក្រុមការងារ សូមគោរពរាយការណ៍ជូនដូចខាងក្រោម៖
– ក្រុមហ៊ុន ហៅរួយដា (ខេមបូឌា) ឯ.ក ជាប្រភេទកែច្នៃផ្លែឈើ (ស្វាយ ម្នាស់ ខ្នុរ និងទុរេន) ដែលដំណើរច្រវាក់ផលិតកម្មដោយទទួលស្វាយដែលចិតរួចពីក្រុមហ៊ុនក្នុងស្រុកដើម្បីសម្ងួតជាផលិតផលសម្រច។ ក្រុមហ៊ុនប្រើប្រាស់បុគ្គលិកកម្មករសរុប ១០១នាក់ និងប្រើប្រាស់ទឹកក្នុងបរិមាណ ចំនួន២២ម៉ែត្រគូប/ថ្ងៃ ពីប្រភពទឹកស្អាតកំពង់សីលា។
– ក្រុមហ៊ុនបានចុះបញ្ជីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ មានលិខិតចុះបញ្ជីលេខ ១២១៧/២៤ គ.វ.ក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប៉ុន្ដែពុំមានលិខិតបទដ្ឋានគតិយុត្តពីក្រសួងបរិស្ថាននោះទេ។
– ក្រុមការងារចម្រុះ ជាមួយតំណាងក្រុមហ៊ុន បានចុះទៅពិនិត្យទីតាំងបង្ហូរសំណល់រាវចេញពីស្រះស្ដុកចូលអូរសាធារណៈ
– ក្រុមហ៊ុនបានបូមសំណល់រាវចេញពីផលិតកម្ម ចូលស្រះស្ដុកចំនួន ៣ (ស្រះដី) ដែលស្រះទី១ទំហំ ៩១x១០៩x៣ម ស្រះទី២ ២៥x៧៨x៣ម ស្រះទី៣ ៨៥x៩១x៣ម
– ក្រុមការងារបានពិនិត្យឃើញថាមានចំណុចបង្ហូរសំណល់រាវចេញពីស្រះស្ដុកចូលអូរសាធារណៈ (អូរច្រោះ) ចំនួន១ទីតាំង ដែលមាននិយាមការ (X:378318, Y:1227000)
– ក្រុមការងារបានធ្វើការពិនិត្យគុណភាពទឹកអូរច្រោះបឋម នូវផ្នែកខាងលើចំណុចបង្ហូរសំណល់រាវចេញពីស្រះស្ដុករបស់ក្រុមហ៊ុន (X:378457, Y:1227042) ជាលទ្ធផល pH=6.05 DO=7.2mg/L និងនៅអន្លង់តាកៅ ដែលមាននិយាមការ (X:377756, Y:1225857) ជាលទ្ធផល pH=4.17 DO=1.42mg/L និងនៅទីតាំងអូរចោមសោមតូច ដែលមាននិយាមការ (X:377100, Y:1225740) ជាលទ្ធផល pH=5.49 DO=5.31mg/L
– ក្រុមការងារបានយកសំណល់រាវចំនួន១ និងសំណាកទឹកអូរចំនួន៣ទីតាំង ដើម្បីពិសោធន៍នៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន
– ក្រុមការងារបានជួបសម្ភាសន៍ជាមួយតំណាងក្រុមគ្រួសារដែលទទួលរងផលប៉ះពាល់ផ្ទាល់ចំនួន ៣គ្រួសារ (ប៉ះពាល់ដំណាំធុរេន សត្វគោ ក្របី) និងតំណាង២គ្រួសារ ក្នុងចំណោមគ្រួសារសរុបក្នុងភូមិវាល ចំនួន១៧គ្រួសារ ដែលប៉ះពាល់ដោយប្រយោល (ក្លិន)
– ជាវិធានការបឋមក្នុងការទប់ស្កាត់ការបំពុលប្រភពទឹកជាបន្ដទៀត ក្រុមការងារចម្រុះបានឱ្យក្រុមហ៊ុនបិទលូបង្ហូរសំណល់រាវចូលទៅប្រភពទឹកអូរសាធារណៈបានរួចរាល់នៅថ្ងៃនេះ ដោយមានអាជ្ញាធរមូលដ្ឋាន និងក្រុមការងារនៅចាំពិនិត្យ
– ក្រុមការងារបានស្នើអាជ្ញាធរមូលដ្ឋាន និងមន្ទីរបរិស្ថានតាមដានបន្តលើករណីបំពុលនេះ ៕