នេះជាពាក្យស្លោកដាក់ចេញដោយក្រសួងបរិស្ថាន សម្រាប់ភាពស្អាត អនាម័យ នៅក្នុងភូមិ ឃុំទាំងឡាយទូទាំងប្រទេស ដែលប្រើពេល ១៥នាទីក្នុងមួយសប្តាហ៍ ។ ដោយឡែកនៅថ្ងៃសៅរ៍ ទី ១១ ខែឧសភា ឆ្នាំ ២០២៤ នេះ ឃុំព្រះធាតុ ដែលមាន ២២ ភូមិ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចាប់ផ្តើមយុទ្ធនាការថ្ងៃទីពីរ សម្រាប់យុទ្ធនាការ «១៥នាទី ស្អាតភូមិឋានយើង» ។
ពីព្រលឹមស្រាងៗ មាន់រងាវ ថ្ងៃមិនទាន់រះ សំលេងខ្ញៀវខ្ញាកងរំពងទាំងចាស់ ក្មេង របស់អ្នកភូមិទាំង ២២ នៅតាមសាលារៀន វត្តអារាម មណ្ឌលសុខភាព ទីធ្លាភូមិឋាន ក្នុងឃុំព្រះធាតុ បានបានស្រុះចិត្ត រួមគំនិត បើកបេះដូងជាមហាសាមគ្គីគ្នាមួយមិនធ្លាប់មានពីមុន ចេញចរយាត្រា ដៃកាន់ដង្កៀប និងស្បោង នាំគ្នាធ្វើអនាម័យ ដើម្បីភាពស្អាតក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ ។
ត្រឹម ១៥ នាទីសោះ ការចូលរួមពីមេភូមិ អនុភូមិ សមាជិកភូមិ ព្រះសង្ឃ ប្រជាការពារ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ២.១៩៤ អង្គ/នាក់ បានប្រកាន់យកប្បធម៌នៃភាពស្អាត ដោយប្រមូលសំរាមប្រភេទកំប៉ុង ដប និងថង់ប្លាស្ទិកបានចំនួន ១.៦២១ គីឡូក្រាម។
សូមគូសបញ្ជាក់ផងដែរថា នេះជាយុទ្ធនាការលើកទី២ហើយ របស់ប្រជាពលរដ្ឋក្នុងឃុំព្រះធាតុ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុង «យុទ្ធនាការកម្ពុជាស្អាត» ក្រោមប្រធានបទ «ឃុំព្រះធាតុស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា» ដែលជាផ្នែកមួយនៃមុំភាពស្អាត របស់យុទ្ធសាស្រ្តចក្រាក្រសួងបរិស្ថាន ៕