សព្វថ្ងៃនេះ «ពិភពលោក» របស់យើងគឺពោរពេញទៅដោយវិបត្តិបរិស្ថានជាច្រើន។ វាមិនមែនជាលើកទីមួយទេ ហើយមិនមែនតែម្តងដែរ ពីព្រោះជារៀងរាល់ឆ្នាំ បានកើតឡើងជាញឹកញាប់ និងបន្តបន្ទាប់ ជាមួយនឹងការបង្កគ្រោះថ្នាក់នៃរលកកម្តៅដ៏ធ្ងន់ធ្ងរដល់ប្រទេសក្នុងតំបន់ និងសកលលោក ។ អាកាសធាតុក្តៅខ្លាំង ទឹកជំនន់ និងការបាក់ដី ភ្លើងឆេះព្រៃ ជាដើម សុទ្ធតែផ្តើមចេញពីម្រាមដៃរបស់មនុស្សទាំងអស់ ដូចជាការកាប់ដើមឈើ បំផ្លាញព្រៃឈើ ចោលសម្រាមដោយគ្មានការគ្រប់គ្រង កាកសំណល់ប្លាស្ទិក កើតមានក្នុងទម្រង់នៃការប្រែប្រួលអាកាសធាតុ ទាំងអាស៊ី និងអឺរ៉ុប ដោយឡែកតំបន់អាស៊ានរបស់យើង ។ ទាំងអស់នេះ សុទ្ធតែបង្ហាញពីសញ្ញានៃការព្រមានរបស់ធម្មជាតិ។ សូមឲ្យមនុស្សងាកមកសង្គ្រោះពិភពលោក មុនពេលយឺតពេល ។ ការចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល វិស័យឯកជន និងបណ្តាញដៃគូលើគ្រប់វិស័យ នៅប្រទេសកម្ពុជា នឹងរួមគ្នាបង្កើតអំណាចមួយសម្រាប់ការពារបរិស្ថាន ។
សារៈសំខាន់នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ត្រូវបានបង្ហាញ និងដោះស្រាយបញ្ហាបរិស្ថាន ដោយក្រសួងបរិស្ថានកម្ពុជា ដោយបានជំរុញសកម្មភាពជាក់ស្តែងជាច្រើន អនុលោមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។
ក្រសួងបរិស្ថាន លើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យសាធារណជន សហគមន៍ វិស័យឯកជន អង្គការចូលរួមក្នុងកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយ និងការត្រួតពិនិត្យការបំពុលដើម្បីការរស់នៅពលរដ្ឋ និងការអភិវឌ្ឍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ជាមួយនឹងសកម្មភាពដាំដើមឈើមួយលានដើម ក្នុងមួយឆ្នាំ ក្នុងគោលលដៅផ្តល់ជាម្លប់ដ៏មានផាសុខភាពផង និងបង្កើតចំណីដង្ហើមប្រកបដោយថាមពល និង ការស្រូបយកឧស្ម័នអុកស៊ីសែនផង ។ ការដាំដើមឈើ ជាចលនាសង្គមបង្កើតភាពបៃតង ឲ្យសង្គមយើង និងភូមិឋានយើងស្រស់បំព្រង ។ ដូច្នេះ នៅថ្ងៃទី ១០-១៦ កក្កដា ២០២៤ ខាងមុខនេះ ក្រសួងបរិស្ថាន នឹងមានបើកព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកជូនកូនឈើជាច្រើនប្រភេទ ដល់ពលរដ្ឋ មន្ត្រីរាជការ នៅមុខទីស្តីការក្រសួងបរិស្ថាន ដោយឥតគិតថ្លៃ ។
ក្រសួងលើកទឹកចិត្តកុមារ និងយុវជនឱ្យយល់ឃើញពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី ឈ្វេងយល់អំពីរបៀបរស់នៅរបស់ធម្មជាតិ « មនុស្សដើម្បីធម្មជាតិ ធម្មជាតិដើម្បីមនុស្ស» ដោយឈ្វេងយល់ និងសិក្សាពីធម្មជា និងបណ្តុះកុមារ និងយុវជនឱ្យមានបេះដូងការពារបរិស្ថាន ឈានទៅរកការអនុវត្តជាក់ស្តែង៕