(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវថ្វាយទៅដល់បារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាលនិងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់ នៅខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវបញ្ហានេះគឺបកស្រាយត្រឹមតែកម្រិតនៃសេចក្តីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង ទាក់ទងនឹងការឆេះព្រះរាជដំណាក់នោះបានហើយ កុំទៅហួសពីហ្នឹង ដូចដែលពួកទមិឡឥតសាសនា បកស្រាយពីខាងក្រៅថានេះគឺជាការរៀបចំមួយរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ខ្ញុំសុំព្រះករុណាខ្ញុំអំពាវនាវថ្វាយទៅបារមីព្រះអង្គចេក ព្រះអង្គចម អ្នកណាបកស្រាយខុសសុំឱ្យព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីអាពួកតិរច្ឆាននេះឱ្យសោះ វាទៅជាថារាជរដ្ឋាភិបាលជាអ្នកដុត វាទៅជាថាគណបក្សប្រជាជនជាអ្នកដុត ចឹងទេឥលូវយើងអត់មានធ្វើអីកើតទេ អានេះទាស់តែវានៅក្រៅប្រទេស បានវាហ៊ាននិយាយ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា អ្វីដែលរាជរដ្ឋាភិបាលខ្លាចបំផុត គឺគ្រោះមហន្តរាយកើតមានឡើងដូចជាការឆេះផ្ទះនេះឯង ដែលនៅក្នុងរដូវនេះគឺមានបញ្ហាទុស្សេខ្សែភ្លើងបណ្តាលឱ្យមានភ្លើងឆេះផ្ទះច្រើនណាស់ ដោយសម្តេចក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ឱ្យបានខ្ពស់ លើបញ្ហានេះអគ្គីភ័យនេះឱ្យបានគ្រប់ពេលវេលាទាំងអស់ផងដែរ។
ឆ្លើយតបទៅនឹងពួកទមិឡឥតសាសនានៅក្រៅប្រទេស ដែលបានបកស្រាយមិនត្រឹមត្រូវរឿងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញជាសំនួរត្រឡប់ទៅវិញដែរថា នៅទីក្រុងប៉ារីស កាលពីប៉ុន្មានឆ្នាំកន្លងមកនេះបានឆេះសារមន្ទីរដែលមានតម្លៃជាង ៨០០លានដុល្លារ និងមានអាយុជាង៨០០ឆ្នាំនោះ តើប្រធានាធិបតី ម៉ាក្រុង ទទួលខុសត្រូវយ៉ាងមិច? តើគេមានចាប់ប្រធានាធិបតី ម៉ាក្រុងចុះចេញពីតំណែងដែរទេ?
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា តាមរយៈបច្ចេកវិទ្យាទំនើបរបស់ប្រទេសបារាំង ក៏នៅតែមិនអាចពន្លត់អគ្គីភ័យឆេះសារមន្ទីរនោះបានដែរ តែកម្ពុជាបានគ្រប់គ្រងសភាពការណ៍ឆេះព្រះរាជដំណាក់នេះត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា បញ្ហាធំនៅពេលនេះ គឺការជួសជុលព្រះរាជដំណាក់ឡើងវិញ ដែលសម្តេចក៏បានអនុញ្ញាតឱ្យធ្វើការជួលជុលឡើងវិញភ្លាមៗផងដែរ តាមរយៈសំណើររបស់សម្តេចចៅហ្វាវាំង គង់ សំអុល ។ សម្តេចបញ្ជាក់ថា ទោះបីជាមានការឆេះផ្នែកមួយ មិនមែនឆេះព្រះរាជដំណាក់ធំក៏ដោយ តែយើងមានការសោកស្តាយពីបញ្ហានេះ ក៏ប៉ុន្តែសុំកុំឱ្យទៅជ្រុលហួសពីអ្វីដែលបានកើតជាក់ស្តែង ដែលសម្តេចនៅតែបន់ស្រន់ដល់ព្រះអង្គចេក ព្រះអង្គចម តាមកាច់កុំប្រណីជាមួយអ្នកដែលបំភ្លៃកាពិតឱ្យសោះ។
សូមបញ្ជាក់ដែរថា ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសបញ្ជាក់ថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីម៉ោង ១០៖០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕