លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិង្គហបណ្ឌិត មានប្រសាសន៍ថា ស្នាដៃ និងលទ្ធផលរបស់រដ្ឋបាលខេត្តស្វាយរៀងសម្រេចបាននោះ គឺពិតជារួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ ហើយរដ្ឋបាលខេត្តស្វាយរៀង ក៏បានខិតខំថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៃសុវត្ថិភាពសង្គម ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សផងដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្ដថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាគ្រប់គ្រងបាន និងឆ្លើយតបដោយប្រសិទ្ធិភាព និងទាន់ពេលវេលានូវជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ ព្រមជាមួយការដាក់ចេញនូវវិធានការនានា ដើម្បីស្តារផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ គ្រោះជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើនប្រមាណ ៥,២ភាគរយ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។
ក្នុងនាមរាជរដ្ឋាភិបាល លោកជំទាវបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ រស់នៅខេត្តស្វាយរៀង ដែលបានសហការចូលរួមថែរក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ហើយធានាបាននូវសុវត្ថិភាពយ៉ាងល្អប្រសើរ ហើយក៏ទទួលបានការកោតសរសើរដល់សមត្ថកិច្ចរបស់កម្ពុជា ក្នុងការថែរក្សាសន្ដិសុខ។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានខាងលើនេះ លោកជំទាវ ក៏បានកត់សម្គាល់នូវបញ្ហាប្រឈម ដែលនៅសេសសល់ រួមទាំងកិច្ចការងារសំខាន់នានាជាច្រើនទៀត ដែលត្រូវខិតខំបន្ដពុះពារអនុវត្តឱ្យបានល្អ នៅក្នុងឆ្នាំ២០២៣នេះ ជាពិសេស ធានាឱ្យបាននូវការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ និតិកាលទី០៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តិទៅប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជោគជ័យ និងត្រូវរួមគ្នាសាងអំពើល្អ និងរួមគ្នាដោះស្រាយនូវសេវាសាធារណៈឲ្យបានទាន់ពេលវេលា រហ័ស និងមានប្រសិទ្ធិភាព ៕