ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) បានសម្តែងនូវការកោតសរសើរបទពិសោធន៍ដ៏ល្អរបស់កម្ពុជា ចំពោះការបើកទូលាយលើជំនឿសាសនានៅព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាសារៈសំខាន់ដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេស និងប្រជាជនទាំងពីរដែលមានស្រាប់ និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះឱ្យស្ថិតស្ថេររឹងមាំយូរអង្វែង ហើយនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាពេលនេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅព្រះរាជាណាចក្រម្ពុជានាពេលនេះ គឺដើម្បីឈ្វេងយល់អំពីការរីកចម្រើន និងផ្លាស់ប្តូរបទពិសោធន៍នៅពីគ្នាទៅវិញទៅមក ព្រមទាំងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។
ទន្ទឹមគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរចំពោះការសម្រេចនូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចដ៏ស្ញប់ស្ញែងរបស់ប្រជាជន និងប្រទេសម៉ាឡេស៊ី។ សម្តេចមានជំនឿថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំម៉ាឡេស៊ី ម៉ាឡេស៊ីនឹងបន្តសម្រេចបានជោគជ័យក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយវិបុលភាព វឌ្ឍនភាព និងសុភមង្គល។ កម្ពុជាចាត់ទុកការរីកចម្រើនរបស់ម៉ាឡេស៊ី ជាការរីកចម្រើនរួមរបស់សហគមន៍អាស៊ាន។ សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ និងមានសេចក្តីពេញចិត្តជាខ្លាំងចំពោះការរីកចម្រើនជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី និងពហុភាគី លើវិស័យសំខាន់ៗ ដូចជា នយោបាយ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ រ៉ែនិងថាមពល អប់រំ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់រវាងឥស្សរជនគ្រប់លំដាប់ថ្នាក់ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិនានា ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយចំពោះទំហំវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនល្អប្រសើរជាបន្តបន្ទាប់។ ព្រឹទ្ធសភាសូមលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរ ពិនិត្យសក្តានុពលឱ្យអស់លទ្ធភាពក្នុងការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចរួម និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ និងដើម្បីទប់ស្កាត់ផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល។ ព្រឹទ្ធសភាបច្ចុប្បន្ន ក៏ដូចទៅអនាគតបន្តគាំទ្ររាល់គម្រោងសហប្រតិបត្តិការ និងយន្តការទ្វេភាគីនានា ដែលបានធ្វើឡើងរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ សម្រាប់តំបន់ និងអន្តរជាតិ។ សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពខាងជំនឿសាសនា។ នាពេលបច្ចុប្បន្ននេះ អ៊ិស្លាមសាសនាជាសាសនាធំទី២ នៅកម្ពុជា។ មានសាសនិកអ៊ិស្លាមជាច្រើនរូប ត្រូវបានផ្តល់តួនាទីនៅក្នុងជួររាជរដ្ឋាភិបាល ជាតំណាងរាស្ត្រ និងជាសមាជិកព្រឹទ្ធសភា។ នៅកម្ពុជាពុំមានទំនាស់សាសនាទេ មានសុខដុមនីយកម្មផ្នែកសាសនា ហើយត្រូវបានផ្តល់សិទិ្ធ និងឱកាសស្មើៗគ្នាក្នុងសង្គម។
តាមរយៈឯកឧត្តមនាយករដ្ឋមន្រ្តី សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពជូនឯកឧត្តមប្រធានព្រឹទ្ធសភាម៉ាឡេស៊ី។ ព្រឹទ្ធសភាកម្ពុជាមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងការជំរុញការបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌអន្តរសភា។ ជាមួយគ្នានោះ សម្តេចបានគោរពអញ្ជើញឯកឧត្តមប្រធានព្រឹទ្ធសភាម៉ាឡេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ មានសុខភាពល្អ និងទទួលបាននូវជោគជ័យ ក្នុងការបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕