ភ្នំពេញ៖ លោកស្រី Kristin PARCO ប្រធានបេសកកម្ម អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization of Migration-IOM) ប្រចាំកម្ពុជា បានថ្លែងថា អង្គការសហប្រជាជាតិ (United Nation-UN) សន្យាជួយគាំទ្រលើការងារអាទិភាពនានារបស់ក្រសួងបរិស្ថាន។ លោកស្រី Kristin PARCO បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២៣នេះ ក្រោយពេលដែលលោកស្រី ទើបបានបញ្ចប់កិច្ចប្រជុំរួមជាមួយ UN រួច។
ជាមួយគ្នានេះ លោកស្រីស្នើសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីឱ្យមន្រ្តីគម្រោងរាយការណ៍លម្អិតអំពី គម្រោងការងារសិក្សាស្រាវជ្រាវស្តីពី បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលត្រូវការ កិច្ចសហការនិងការចូលរួមគាំទ្រផ្នែកបច្ចេកទេស ពីអ្នកជំនាញនៃក្រសួង បរិស្ថាន ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្រលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន និងបានផ្តល់អនុសាសន៍ទៅកាន់ IOM ត្រូវធ្វើយ៉ាងណា ជួយបង្ខើចពេលវេលានៃការសិក្សាស្រាវជ្រាវឱ្យខ្លីជាងមុនដើម្បីឆាប់បានឆ្លើយតបលើការសិក្សាស្រាវជ្រាវនេះ អោយបានលឿន និងរហ័ស ទាន់សភាពការណ៍ ។ បន្ថែមពីនេះ IOM គួរតែគិតគូរផងដែរ លើសុវត្ថិភាពនៃការបម្លាស់ទីរបស់ធនធានមច្ឆាជាតិនៅក្នុងបឹងទន្លេសាប ពីព្រោះថាកន្លងមក IOM បានផ្តោតតែលើការចំណាកស្រុកដោយសុវត្ថិភាពរបស់មនុស្សប៉ុណ្ណោះ ។
លើសពីនេះ ឯកឧត្តមក៏បានផ្តោតលើយុទ្ធសាស្រ្ត ក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក ដែលក្រសួងបានដាក់ចេញនេះ នឹងបានស្នើឱ្យឈប់ប្រើថង់ប្លាស្ទិកតែ១ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ក្នុងជំហានតំបូង។ ការស្នើបែបនេះ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថង់ប្លាស្ទិក ហើយបន្ទាប់ពីពួកគាត់ទំលាប់ឈប់ប្រើថង់ប្លាស្ទិកបាន១ថ្ងៃហើយ នឹងឈានទៅបញ្ចប់ការប្រើប្រាស់ទាំងស្រុង នាពេលអនាគត។
ជាមួយគ្នានេះដែរ នៅតាមទីក្រុង ទីជនបទក្នុងប្រទេសកម្ពុជានឹងលែងមានសំណល់ប្លាស្ទិក ដែលជាការរួមចំណែកដល់ការធ្វើអោយទីក្រុងនិងជនបទស្អាត ទាក់ទាញទេសចរណ៍មកកម្សាន្តតាមតំបន់កម្សាន្តនានា ក្នុងនោះមានអេកូទេសចរណ៍ធម្មជាតិរបស់កម្ពុជាផងដែរ ។
លោកស្រី Kristin PARCO បានយល់ស្របចំពោះលើការលើកឡើងរបស់ឯកឧត្តមរដ្ឋ មន្ត្រី ហើយជឿជាក់លើការងារអាទិភាពរបស់ក្រសួងនឹងសម្រេចបានលឿន ឆាប់រហ័ស តាមរយៈយុទ្ធសាស្រ្ត Smart ដែលបានលើកឡើងមកនេះ ជាពិសេសលោកស្រី ជឿជាក់លើស្នាដៃដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ ព្រោះឯកឧត្តមជាអ្នកមានបទពិសោធន៍ ព្រមទាំងការច្នៃប្រឌិតខ្ពស់ និងបុរេសកម្ម ។
គួររម្លឹកជូនថា ការងារអាទិភាពរបស់ក្រសួងបរិស្ថានរួមមាន៖ ការគ្រប់គ្រងកាកសំណល់ ការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅរកការបង្កើនគម្របព្រៃឈើ ៦០% និងការលើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ៕