ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការគ្រប់គ្រងសំណល់ គឺជាការងារអាទិភាពដែលក្រសួងបានដាក់ចេញ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋកម្ពុជា ។ ការថ្លែងឡើងនេះ គឺ នៅក្នុងជំនួបសំណេះសំណាលគ្រួសារបរិស្ថាន ជាមួយអគ្គលេខាធិការដ្ឋាននៃគណ:កម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សហគ្រាសស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង និងលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ នៅក្រសួងបរិស្ថាន នាថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០២៣ ។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧បាននឹងកំពុងយកចិត្តទុកដាក់ ទន្ទឹមនឹងនេះក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឡើង គឺដើម្បីរក្សាបាននូវសុខមាលភាពប្រជាពលរដ្ឋតាមរយៈភាពស្អាត គ្មានសំណល់ប្លាស្ទិកនៅតាមសាលារៀន នឹងឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស ជាពិសេសនៅក្នុងបឹងទន្លេសាប ដែលមានធនធានមច្ឆា ហើយក៏ជាប្រភពទឹកដ៏សំខាន់របស់កម្ពុជាដែរ ។ ជាមួយគ្នានេះ ឯកឧត្តមស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំទុកដាក់សំណល់ និងញែកអោយបានត្រឹមត្រូវ គិតគូរដល់សំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោលគួរទុកដាក់នៅទីលានអោយបានត្រឹមត្រូវ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមន្រ្តីរាជការក្រោមឱវាទទាំងអស់ ត្រូវចេះតាមដានការងារជាប្រចាំដោយផ្តោតលើការងារអាទិភាព ចាំបាច់ត្រូវសម្រួចទិសដៅការងារតម្រង់ឱ្យចំការងារអាទិភាពនោះ ទើបទទួលបានភាពជោគជ័យ ប្រើប្រាស់ថវិកាជាតិមានប្រសិទ្ធិភាព តម្លាភាពឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។