ក្រសួងបរិស្ថាន បានដាក់តាំងបង្ហាញសមិទ្ធផលនានានៅក្នុងការឆ្ពោះទៅសម្រេច បុព្វហេតុ បរិស្ថាន ជាពិសេសការសម្រេចបាននូវគោលដៅភាពស្អាត ភាពបៃតង និងចីរភាព របស់ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន។
ក្នុងនោះក្រសួងបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្នុងគោលបំណងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។ យុទ្ធនាការនេះ បានលើកទឹកចិត្តប្រជាពលរដ្ឋម្នាក់ៗឱ្យពិចារណាឡើងវិញនូវជម្រើស និងផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ដែលជាការបោះជំហានយ៉ាងសំខាន់មួយ ឆ្ពោះទៅរកការ កាត់បន្ថយសំណល់ប្លាស្ទិក។ ក្រសួងបរិស្ថាន ក៏បាននិងកំពុងពង្រីកវិសាលភាព យុទ្ធនាការនេះ ទៅគ្រប់វិស័យទូទាំងប្រទេស បានអ្នកចូលរួមប្រមាណ៥លាននាក់ និងបន្តកៀរគរការចូលរួមពីស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីសហការគ្នាក្នុងការដោះស្រាយ បញ្ហាសំណល់ប្លាស្ទិក។
ជាមួយគ្នានេះ ក្រសួងក៏បានផ្តួចផ្តើម យុទ្ធនាការ ១០ ខែតុលា «ដាំដើមឈើ ១លានដើម ក្នុង ១ឆ្នាំ» ក្នុងគោលបំណងពង្រីកគម្របព្រៃឈើនៅទូទាំងប្រទេសឱ្យបានដល់ ៦០% នៅឆ្នាំ ២០៥០ តាមរយៈការលើកទឹកចិត្តឱ្យសាធារណជនចូលរួមដាំដើមឈើដោយក្រសួងបរិស្ថាន បានរៀបចំថ្នាលបណ្តុះកូនឈើ ស្តង់ដារអន្តរជាតិ នៅក្នុង៤តំបន់ ព្រមទាំងប្រកាសចែក កូនឈើដោយឥតគិតថ្លៃដល់សាធារណជនដែលមានបំណងចង់ចូលរួមដាំដើមឈើ។
លើសពីនេះ ក្រសួងបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើស ធនធានធម្មជាតិ ដោយបញ្ចប់រាល់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើស ធនធានធម្មជាតិ ជំរុញការអនុវត្តច្បាប់ ១០០ភាគរយ។
ជាមួយគ្នានេះ ក្រសួងបានតគាំទ្រ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការ ជំរុញទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីបង្កើនមុខរបរ ក៏ដូចជា លើកទឹកចិត្តឱ្យសហគមន៍តំបន់ការពារធម្មជាតិ ដាំឈើដែលមានប្រយោជន៍ និងឈានទៅ ជាសហគមន៍អព្យាក្រឹតកាបូន។
តាំងពិព័រណ៍បង្ហាញវឌ្ឍនភាពការងារលើការគ្រប់គ្រងវិស័យបរិស្ថាន និងផលិតផល សហគមន៍ ជូនសាធារណជនជាភ្ញៀវជាតិ និងអន្តរជាតិទស្សនាផងដែរ។
សូមបញ្ជាក់ថា ក្រសួងបានទទួលការអនុញ្ញាតដាក់ឱ្យប្រើប្រាស់នូវ «យុទ្ធសាស្ត្រចក្រាវិស័យ បរិស្ថាន» ឆ្នាំ២០២៣-២០២៨ ដោយមានមុំចំនួនបី រួមមាន ភាពស្អាត បៃតង និងចីរភាព សំដៅឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ ២០៥០» ក្នុងការចូលរួមឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងជាសកល និងសម្រេចនូវ គោលដៅយុទ្ធសាស្ត្របញ្ចកោណ។
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”។ ពិធីបើកជាផ្លូវការ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នារាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ៕