ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ ចំនួន១០ក្រុម ដែលមានកម្លាំងសរុប៧៨៩នាក់ បានចុះអន្តរគមន៍ ឃ្លុំដីទំហំចំនួនទីតាំង ៣៩៤២,៧៣ ហិកតា ជាមួយគ្នានេះ បានឃុំខ្លួនជនសង្ស័យ ០១នាក់ ទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ និងបានធ្វើការអប់រំមនុស្សបានចំនួនថែមទៀត។ ការបូកសរុបការងារប្រតិបត្តិការលើកទី១ បានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យទី១៧ ខែមេសា ឆ្នាំ២០២៤ នៅសាលាស្រុកវាលវែងខេត្តពោធិ៍សាត់ ដោយមានការចូលរួមដឹកនាំ ដោយឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួអបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាសត់ ព្រមទាំងពីមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា ដោយមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រងធនធាធម្មជាតិនៅតាមភូមិសាស្រ្តនានាទូទាំងប្រទេស ប្រតិបត្តិការទ្រង់ទ្រាយធំរបស់សមត្ថកិច្ចចម្រុះបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានធ្វើឡើងក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបញ្ជាការកងឯកភាពខេត្ត ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្នុងនោះបញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយ ភាពធន់ ចីរភាព និងបរិយាប័ន្ន ហើយក្នុងមុំទី២៖ គ្រប់គងធនធានធម្មជាតិ បេតិកភ័ណ្ឌ វប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព។
លើសពីនេះ ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។
ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ស្របតាមយិទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺស្អាត បៃតង និងចីរភាព ដោយក្នុងនោះរួមមាន៖
១៖ ការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស
២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារ និងអភិរក្សធនធានធម្មជាតិ
៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តកន្លងមក
និង៤៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០៕