នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ថានគាំពារបរិស្ថាន ដោយមានកិច្ចសហការពីលោកប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរធនធានទឹក និងអភិបាលស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន បានបន្តការចុះពិនិត្យស្ថានភាពបំពុលទឹកអូរអិល ដែលមានទីតាំងនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
– អូររអិល ជាប្រភេទអូរដែលទទួលផ្ទៃរងទឹកភ្លៀងនៅរដូវវស្សា ចំណែកនៅរដូវប្រាំងមានទឹកជ្រាបចេញពីភ្នំតិចតួចប៉ុណ្ណោះ
– បច្ចុប្បន្នមានទឹកសំណល់រាវហូរចេញពីប្រភពចំនួន ៣រួមមាន ១រោងចក្រផលិតដំណាប់ស្វាយ ២រោងចក្រលាយបេតុង និង ៣ទីតាំងកាស៊ីណូ
– តាមការពិនិត្យជាក់ស្តែងនៅផ្នែកដើមទី ទំហ៊ំផ្ទៃទឹកដែលហូរក្នុងពោះអូរ មានទទឹងប្រហែល១ម៉ែត្រ និងជម្រៅទឹកប្រហែល១ ទៅ២ តឹក ទឹកមានពណ៌ក្រម៉ៅនិងមានក្លិនដូចទឹកលូ។
– នៅតំបន់ទំនប់ស្ទាក់ទឹក១កន្លែងរបស់ប្រជាពលរដ្ឋ ដែលមានចម្ងាយប្រហែល៦គីឡូម៉ែត្រពីដើមទី និងដែលមានត្រីងាប់កន្លងមក ទឹកមានសភាពល្អក់បន្តិច មិនមានក្លិន និងមិនមានត្រីងាប់ទៀតទេ យើងបានយកសំណាកទឹក១។ ក្រុមការងារបានជួបជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ទំនប់ស្ទាក់ទឹក គាត់បានប្រាប់ថានេះជាលើកទី២ ហើយដែលទឹកមានក្លិននិងពណ៌ខ្មៅ ហើយបណ្តាលអោយមានត្រីងាប់ក្រោយពេលមានភ្លៀង១មេ។ គ្រាន់តែលើកនេះទឹកមិនសូវខ្មៅដូចលើកមុនទេ។
– នៅខាងក្រោមទំនប់ស្ទាក់ទឹកប្រហែល១គីឡូម៉ែត្រ ទឹកអូរហូរមានបរិមាណទឹកតិចជាងនៅដើមទី។ ទឹកមានសភាពថ្លានិងមិនមានក្លិនទេ។
– នៅផ្នែកខាងលើមិនមានប្រជាពលរដ្ឋយកទឹកអូរទៅប្រើប្រាស់ទេ មានតែការស្ទាក់ទឹកដើម្បីស្រោចដំណាំ។
ក្រុមការងារបានស្នើសុំវិធានការចំពោះរោងចក្រផលិតដំណាប់ស្វាយនេះដូចខាងក្រោម៖
១-ពិន័យអន្តរការណ៍ចំពោះការប្រព្រឹត្តល្មើសច្បាប់
២-សំណងការខូចខាតបរិស្ថាន និងធនធានជីវចម្រុះ
៣-តម្រូវអោយក្រុមហ៊ុនកែលម្អអាងប្រព្រឹត្តកម្មសំណល់រាវ អោយឆ្លើយតបស្តង់ដារ។
៤-ក្នុងករណីមិនរាងចាលត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។