រយៈពេលប្រាំពីរខែកន្លះ ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ ៨ មេសា ២០២៤ នៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រសួងបរិសា្ថន ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រោមផែនការសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សង្គមខ្មែរទទួលបានទទួលកាដូមួយដ៏វិសេសវិសាល ជាប្រវត្តិសាស្ត្រពីភាពស្អាត អនាម័យ ដោយបានកាត់បន្ថយ និងមិនប្រើថង់ប្លាស្ទិកទាំងស្រុង ហើយបានចាក់ចូលជ្រៅទៅក្នុងបេះដូងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងថែមទាំងបានកែប្រែផ្នត់គំនិតពីអវិជ្ជមាន ទៅវិជ្ជមាន និងបានក្លាយជាទម្លាប់ដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយ ។
ការទទួលបានភាពស្អាត និងបំបាត់ថង់ប្លាស្ទិកបានសម្រេចនេះ ក៏ដោយសារបេះដូង និងឆន្ទៈប្រពៃ ពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ប្រជាពលរដ្ឋ មន្ត្រីរាជការ ប្រជាសហគមន៍ ដែលសហការយ៉ាងពិសេស ក្នុងយុទ្ធនាការ ៧ខែកន្លះ ២៥ ខេត្ត-ក្រុង សម្រេចមិនប្រើថង់ប្លាស្ទិកបាន ១០០% ។
សាធារណជន ប្រជាពលរដ្ឋ បានសាទរនូវសមិទ្ធផលដ៏វិសេសវិសាលក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត ពីព្រោះពួកគាត់ ចង់បំបាត់ការប្រើថង់ប្លាស្ទិកតាំងពីយូរយារណាស់មកហើយ ឥឡូវក្តីសុបិន្តរបស់ពួកគាត់ និងរបស់ប្រជាជនកម្ពុជាទាំងមូល បានក្លាយជាការពិតហើយ ។
ខាងក្រោមនេះជាវាចារចេញពីបេះដូងរបស់ប្អូនស្រី តោះ! អានទាំងអស់គ្នា!
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំផុត លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅទូទាំងប្រទេស ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទីមួយ និងបានឆ្លើយតបជាមួយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានផងដែរ។
ក្នុងន័យនេះ នាងខ្ញុំសូមកោតសរសើ នូវការខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត ដែលជាសេនាធិការរបស់ក្រសួង ធ្វើឱ្យយុទ្ធនាការនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។ បន្ទាប់ពីទទួលបានលទ្ធផលដ៏ត្រចះត្រចង់លើការចូលរួមរបស់សាលារៀន និងសិស្សានុសិស្សនៅទូទាំងប្រទេសរួចហើយ ស្នើសូមបន្តជាមួយគ្រប់បណ្តាសហគមន៍ ទីអារាម ប្រជុំជន រោងចក្រ សហគ្រាស ដែលមាននៅក្នុងមូលដ្ឋានរបស់លោកប្រធានមន្ទីរឱ្យចូលរួមប្តេជ្ញាចិត្តទាំងអស់គ្នា ដើម្បីឱ្យមូលដ្ឋានយើងស្អាតគ្មានសំណល់ប្លាស្ទិកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងតទៅអនាគត៕