យ៉ាងហោចណាស់មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ប្រមាណជាង២២៥០០នាក់ បានមកចូលរួមកម្សាន្តសប្បាយរីរាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ នាថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតំបន់ឧទ្យានទន្លេស្ងួត នាភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ។
ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨នេះដែរ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកអូររាំងឪ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៤ យ៉ាងអធឹកអធម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីជាច្រើន ដូចជាកម្មវិធីតាំងបង្ហាញសមិទ្ធផលមូលដ្ឋាន ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ការប្រកួតកីឡាបាល់ទះ ការទស្សនាធម្មជាតិ ទេសភាពសួនផ្កាស្បៃរឿង១លានគុម្ព ការជិះទោងវិល កម្មវិធីលេងល្បែងប្រជាប្រិយ ការប្រគំតន្រ្តី និងការរាំកម្សាន្តជាដើម៕