នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ ក្រុមការងារដឹកនាំដោយលោក ទេព ស៊ីណូរ៉ា អនុប្រធានមន្ទីរបរិស្ថាន បានចុះត្រួតពិនិត្យការគ្រប់គ្រងបរិស្ថានចំនួន ២ រោងចក្រ គឺរោងចក្រ ឡូឌី ផេត ប្រូដាក (ខេមបូឌា )ឯ.ក ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរោងចក្រនេះ បានយកស្បែកគោទៅហាលលើដីដែលមិនមែនជាកម្មសិទ្ធិជួលរបស់រោងចក្រ ធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថាន ក្លិន សំរាមរាយប៉ាយពាសពេញដី និងបានបំផ្លាញទ្រព្យសម្បត្តិបង្គោលរបង របស់ម្ចាស់ដីរងផលប៉ះពាល់។
ក្រុមការងារបានតម្រូវឱ្យម្ចាស់រោងចក្ររើស្បែកគោ ដែលហាលលើដីរងផលប៉ះពាល់ចេញឱ្យអស់ តម្រូវឱ្យម្ចាស់រោងចក្រត្រូវប្រមូលសំណល់ផ្សេងៗ ប្រគល់ទៅឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម និងតម្រូវឱ្យម្ចាស់រោងចក្រគ្រប់គ្រងបរិស្ថាន នៅលើទីតាំងដីជួលឱ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ដល់ដីដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ។
កន្លងមកម្ចាស់ដីដែលរងផលប៉ះពាល់បានណែនាំដល់ម្ចាស់រោងចក្រម្ដងរួចមកហើយ ដោយតម្រូវឱ្យម្ចាស់រោងចក្ររើស្បែកគោដែលហាលចេញពីដីកម្មសិទ្ធិរបស់ខ្លួន និងបញ្ឈប់ការប្រើប្រាស់ដី ដែលគ្មានការអនុញ្ញាត ប៉ុន្តែម្ចាស់រោងចក្រមិនគោរពតាមការស្នើសុំរបស់ម្ចាស់ដីឡើយ ។ ដូចនេះម្ចាស់ដីសុំឱ្យម្ចាស់រោងចក្រដោះស្រាយសងជំងឺចិត្ត ចំពោះការប្រើប្រាស់ដីកម្មសិទ្ធិនាពេលកន្លងមក ។
ខាងអាជ្ញាធរ បានយល់ស្របតាមក្រុមការងារ ឲ្យម្ចាស់រោងចក្រដោះស្រាយជាមួយនឹងម្ចាស់ដីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ ។ ក្នុងករណីម្ចាស់រោងចក្រមិនអនុវត្តតាមការណែនាំ នោះក្រុមការងារនឹងបន្តអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ៕