ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភាឆ្នាំនេះ ប្រារព្ធធ្វើនៅទីក្រុងសាន់ទីយ៉ាហ្គោ (Santiago) ប្រទេសឈីលី ពីថ្ងៃទី ២-៤ ខែឧសភា ឆ្នាំ ២០២៤ដែលមានប្រធានបទ «សារព័ត៌មានសម្រាប់ភពផែនដី៖ សារព័ត៌មានក្នុងការប្រឈមមុខនឹងវិបត្តិបរិស្ថាន» ដែលផ្តោតលើសារៈសំខាន់នៃវិស័យសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិក្នុងបរិបទនៃវិបត្តិបរិស្ថានពិភពលោកបច្ចុប្បន្ន ។
នៅប្រទេសកម្ពុជាយើងវិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងជួបអ្នកសារព័ត៌មានជាតិ និងអន្តរជាតិគ្រប់ប្រភេទ នាថ្ងៃទី ៣ ខែឧសភានេះផងដែរ ដែលជាទិវាសេរីភាពសារព័ត៌មាន ស្ថិតក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន បន្តមកអាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកដម្កើងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានមុខមាត់ និងគុណតម្លៃ និងឲ្យក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិលើវិស័យសារព័ត៌មាន ឆ្លុះបញ្ចាំងរួមគ្នាលើបញ្ហាប្រឈម និងតួនាទីជាមូលដ្ឋាននៃសេរីភាពសារព័ត៌មាន និងអំណាចព័ត៌មានគួរឱ្យទុកចិត្ត ដើម្បីការពារភពផែនដីរបស់យើង សម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ នៅថ្ងៃនោះ យើងរង់ចាំអនុសាសន៍ខ្លឹមៗរបស់សម្តេចធិបតី មកកាន់អ្នកសារព័ត៌មាន ហើយអ្នកសារព័ត៌មានប្រាកដជាមានសំណូមពរឲ្យសម្តេចនាយករដ្ឋមន្ត្រីដោះស្រាយផងដែរ ។
ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី ៣១ មានគោលបំណងបង្ហាញពីតួនាទីសំខាន់របស់សារព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន និងការផ្សព្វផ្សាយ ដើម្បីធានាបាននូវអនាគតប្រកបដោយនិរន្តរភាព គោរពសិទ្ធិបុគ្គល និងភាពសម្បូរបែបនៃសំឡេងរបស់ពួកគេ ក៏ដូចជាសមភាពយេនឌ័រ ។
វាក៏ជាវេទិកាមួយនឹងបម្រើការប្រមូលផ្តុំតួអង្គសំខាន់ៗ និងឆ្លុះបញ្ចាំងពីតួនាទីជាមូលដ្ឋាននៃអ្នកសារព័ត៌មានវិជ្ជាជីវៈ ពិភាក្សាលើប្រធានបទ និងការស៊ើបអង្កេតបរិស្ថាន វិបត្តិ និងផលប៉ះពាល់របស់វា ការគាំទ្រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដើម្បីពង្រឹងសមត្ថភាពស្ថាប័នរបស់ពួកគេក្នុងការរាយការណ៍អំពីបម្រែបម្រួលអាកាសធាតុ និងវិបត្តិបរិស្ថាន ហើយការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីបញ្ហាបរិស្ថាន និងផលប៉ះពាល់របស់វាទៅលើការគាំទ្រសាធារណៈ និងនយោបាយអាកាសធាតុ គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងការការពារសហគមន៍ងាយរងគ្រោះដែលរងផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ ។
យើងប្រើឱកាសនេះដើម្បីរំលឹកឡើងវិញនូវសេចក្តីប្រកាស Santiago ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពពហុនិយមនៃប្រព័ន្ធផ្សព្វផ្សាយ និងវប្បធម៌ ភាសា និងភាពសម្បូរបែបនៃយេនឌ័រ ដែលជាកត្តាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យរបស់យើង ហើយដែលគួរតែត្រូវបានឆ្លុះបញ្ចាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងអស់។
ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ 2024 ក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលបានប្រយុទ្ធដោយស្លាប៉ាកាជាមួយនឹងបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាឆ្ពោះទៅរកការធានានូវនិរន្តរភាព និងយកចិត្តទុកដាក់ការពារភពផែនដីរបស់យើង ៕