ភ្នំពេញ៖ ភាពវិជ្ជមាននៃការប្រែប្រួលឥរិយាបថរបស់សិស្សានុសិស្ស និងប្រជាជនសរុបជាង ៨លាននាក់ គឺជាលទ្ធផលស្តែងចេញពីសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាកុំឱ្យមានការកើនឡើងនូវកម្តៅភពផែនដីជាបន្តទៀត។ នៅចំពោះមុខក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ. ឬ ECOSOCC) និងធនាគារពិភពលោក World Bank ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត បានឆ្លើយតបថា ក្នុងរយៈពេល ៨ខែ និង៨ថ្ងៃកន្លងមកនេះ សមិទ្ធផលដែលសម្រេចបានដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមមាន៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្ស ព្រះសង្ឃ ធុរៈករ កម្មករ កម្មការនី និងប្រជាពលរដ្ឋចំនួនជាង ៨លាននាក់ ដែលយុទ្ធនាការនេះបានបំបែកចេញពីភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមគ្នានេះ ក៏មានវិធានការ ៤ចំណុច ដែលរួមមាន៖ ទី១. ពង្រឹងការអនុវត្តច្បាប់ ១០០% ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ, ទី២.សហការជាមួយអាជ្ញាធរមូលដ្ឋាន (រដ្ឋបាលថ្នាក់ក្រោមជាតិ) ដោយក្នុងនោះក្រសួងបរិស្ថានបានអនុវត្តជាជំហានៗ ក្នុងនោះក្រសួងបរិស្ថានបានផ្ទេរអំណាចទៅដល់ថ្នាក់ក្រោមជាតិ ដោយគូសបញ្ជាក់លើផែនទីតំបន់ការពារធម្មជាតិ ជូនអាជ្ញាធរមូលដ្ឋាន ឬថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ App ហើយ Appនោះនឹង បង្ហាញព័ត៌មានអំពីទីតាំងដី និងព្រំប្រទល់ដីនៃតំបន់ការពារធម្មជាតិ ដែលអាចជួយការពារកុំប្រជាពលរដ្ឋ ឬសាធារណជនទិញដីជាន់លើដីនៃតំបន់ការពារ ដែលនាំឱ្យខាតបង់ប្រាក់កាក់ និងទី៣.ក្រសួងបរិស្ថានបានសហការ ជាមួយកងអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ និងទី៤. ការដាំដើមឈើបន្ថែមឱ្យបានយ៉ាងតិចជាង ១លានដើមក្នុង១ឆ្នាំ ដោយចាប់ផ្តើមនៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ។ ជាក់ស្តែងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងរៀបចំឱ្យមានពិពណ៌កូនឈើ នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីចែកជូនកូនឈើដល់ប្រជាជនកម្ពុជាយកទៅដាំដោយឥតគិតថ្លៃ និងរួមទាំងមានការពន្យល់បន្ថែមអំពីរបៀបដាំកូនឈើ និងការថែទាំកូនឈើឱ្យលូតលាស់បានល្អដែរ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំកិច្ចសហការជាមួយស្ថាប័នសាកលវិទ្យាល័យ ដើម្បីរៀបចំបឋកថា អំពីការងារវិស័យបរិស្ថានជូនសិស្សានុសិស្ស និស្សិត និងសាធារណជនយល់ដឹងពីតួនាទីវិស័យបរិស្ថាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី វង្សី វិសុទ្ធ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ៕