នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោក សារុន សំបូរ ប្រធាននាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយមេធាវីក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនបំពាក់ស្វ័យត្រួតពិនិត្យ លោកមេឃុំត្រែង បានចុះត្រួតពិនិត្យលើករណី៖
១)ការប្រែប្រួលគុណភាពទឹកស្ទឹងសង្កែ
២).ការគ្រប់គ្រងសំណល់រាវនិងបំពាក់ស្វ័យត្រួតពិនិត្យរបស់ក្រុមហ៊ុន Phoenix Industrial Co., Ltd. ដែលមានទីតាំងនៅក្នុងឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ ក្រុមការងារទទួលបានលទ្ធផលបឋមដូចខាងក្រោម៖
ក). ករណីការប្រែប្រួលគុណភាព ទឹកស្ទឹងសង្កែ នៅតំបន់ក្រុមហ៊ុន Phoenix Industrial Co., Ltd.៖ ថ្មីៗនេះ មានការចុះផ្សាយពីសារព័ត៌មាន ករណីប្រែប្រួលគុណភាពទឹកស្ទឹងសង្កែ ដោយ ភ្ជាប់រូបភាព និងវីដេអូ បង្ហាញលក្ខណៈរូបនៃ ទឹកដែលមានព័ណ៌បៃតងគួរកត់សម្គាល់។ ក្រុមការងារបានពិនិត្យជាក់ស្តែងនៅតាមបណ្តោយស្ទឹងសង្កែចាប់ពីទីតាំងប្រព័ន្ធប្រឡាយបង្ហូររបស់ក្រុមហ៊ុន Phoenix Industrial Co., Ltd. រហូតដល់ទីតាំងទំនប់សេកសក ដែលស្ថិតនៅ ខ្សែទឹកខាងលើ៖
• ក្រុមការងារបានរកឃើញថា អាងស្តុកទឹក នៃទំនប់សេកសកមានកកើតស្លែ (Algae) យ៉ាងច្រើនបណ្តាលឱ្យទឹកមានព័ណ៌បៃតង ហើយហូរធ្លាក់មកខ្សែទឹកខាងក្រោមឆ្លងកាត់ព្រំប្រទល់ក្រុមហ៊ុន Pheonix ដែលមានចម្ងាយប្រមាណ២គីឡូម៉ែត្រ (គិតត្រឹមប្រឡាយក្រុមហ៊ុន) ដែលបញ្ហាទាំងនេះអាចបណ្តាលពីការហូរចូលនៃសារធាតុចិញ្ចឹមរួមផ្សំបម្រែបម្រួលអាកាសធាតុ ។
• មកដល់ថ្ងៃចុះពិនិត្យនេះ លក្ខណៈរូបនៃទឹក (ពណ៌) ហាក់ល្អប្រសើរជាងពេល ដែលសារព័ត៌មានបានចុះផ្សាយ នឹងរំពឹងថាអាចវិលរកប្រក្រតីភាពក្នុងរយៈពេលខ្លីខាងមុខ។
• ក្រុមការងាររកឃើញថា ទីតាំងដែលក្រុមសារព័ត៌មានបានដងយកសំណាកទឹកគឺស្ថិតនៅក្រោមស្ពានថ្មត្រង់ចំណុចនិយាមការ X:272467, Y:1417061 ដែលទីតាំងនេះគឺស្ថិតនៅខាងលើខ្សែទឹកនៃក្រុមហ៊ុន Phoenix Industrial Co., Ltd. (គិតត្រឹមប្រឡាយក្រុមហ៊ុន)
• ជារួម ការចុះផ្សាយរបស់សារព័ត៌មាននាពេលកន្លងមក គឺមិនបានសិក្សាទិន្នន័យ និងបច្ចេកទេសច្បាស់លាស់ និងនាំឱ្យប៉ះពាល់ខ្លាំងដល់ដំណើរការរបស់ក្រុមហ៊ុន Phoenix Industrial Co., Ltd.
ខ). ការគ្រប់គ្រងសំណល់រាវ និងការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យរបស់ក្រុមហ៊ុន Phoenix Industrial Co., Ltd.៖
• ក្រុមហ៊ុននេះបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវរួចរាល់ជាមួយក្រុមហ៊ុន Guoao Cambodia ប៉ុន្តែនឹងអនុវត្តតាមការតម្រូវការ និងការណែនាំរបស់ក្រសួងបរិស្ថាន
• តំណាងក្រុមហ៊ុនថ្មី Global Fabrication and Engineering (GFE) Co., Ltd. បានពិនិត្យឧបករណ៍ដែលមានស្រាប់ និងបញ្ជាក់ថាមានភាពលំបាកក្នុងការប្រើឧបករណ៍ ឬ Software ចាស់។ ក្រុមហ៊ុនណែនាំបំពាក់ឧបករណ៍ ឬ Software ថ្មីទាំងស្រុង
• ក្រុមហ៊ុនស្នើក្រសួងបរិស្ថានផ្តល់ជូនលិខិត ឬ ឯកសារគតិយុត្តបញ្ជាក់ការបញ្ចប់ការងាររបស់ក្រុមហ៊ុនចាស់ Guoao ព្រោះនៅជាប់កិច្ចសន្យាការងារជាមួយគ្នា ដែលត្រូវដោះស្រាយដោយមេធាវី
• ក្រុមហ៊ុននឹងធ្វើការជូនដំណឹងទៅក្រុមប្រឹក្សាបន្តដើម្បីសម្រេចករណីបំពាក់ស្វ័យត្រួតពិនិត្យនេះ។
ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តិកម្មទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងបរិវេណក្រុមហ៊ុន ទីតាំងប្រព្រឹត្តិកម្មសំណល់រាវ ព្រមទាំងបានយកសំណាកមកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានចំនួន ០៣សំណាក (បន្ថែមលើសំណាកដែលមន្ទីរបរិស្ថានបានប្រមូលកាលពីថ្ងៃទី១៣ ខែមិថុនា) ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ៕