បាត់ដំបង៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខសាធារណៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន។
ក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ នៅខេត្តបាត់ដំបង នាថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួមចំណែកមិនអាចខ្វះបានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ»។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈកាលជាង ២០ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០២ កងពលតូចថ្មើរជើងលេខ៥២ និងបណ្តាកងឯកភាពចំណុះ ពិតជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់គួរជាទីមោទនៈ ជាពិសេសនៅក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់សម្តេចទាំងទ្វេ។
លោកបន្ថែមថា វឌ្ឍនភាពទាំងនេះ ក៏មិនអាចកាត់ផ្តាច់បានឡើយពីការជួយឧបត្ថម្ភរបស់ក្រសួង-ស្ថាប័នស៊ីវិលជាអង្គភាពសម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា ក៏ដូចជាការខិតខំប្រឹងប្រែងចូលរួមចំណែកប្រកបដោយការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
លោកថា៖ «មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជាប់ជាប្រចាំលើសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើន សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវទំនាក់ទំនងជាប់ជិតដិត និងកក់ក្តៅជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចប់ភារកិច្ចចេញពីជួរ ពីព្រោះនេះ គឺជាគុណធម៌ និងការសម្តែងនូវការដឹងគុណចំពោះគុណូបការៈ ដែលអ៊ំពូមីងអតីតយុទ្ធជនបានលះបង់ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន»។
លោកបានអំពាវនាវពលរដ្ឋ ត្រូវជឿជាក់មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងរួមគ្នាការពារសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕
https://eacnews.asia/home/details/20781