ភាពស្អាតដុះចេញពីចិត្តយើងទាំងអស់គ្នា បើស្អាតខាងក្នុងហើយ រឿងអ្វីថាមិនស្អាតខាងក្រៅ? ការស្អាតខាងក្រៅ គឺឈានឆ្ពោះទៅភាពស្អាតរបស់បុគ្គល របស់គ្រួសារ និងរបស់សង្គម ដែលនាំឱ្យប្រទេសជាតិស្អាត ស្អាតដល់ជំនាន់ក្រោយៗទៀត ។
ជាង ៨ខែមកហើយ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ « ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។ រហូតមកដល់ពេលនេះ យុទ្ធនាការនេះផុសចេញពីភាពស្អាតក្នុងចិត្ត និងចេញពីបេះដូង សិស្សានុសិស្ស ប្រជាជន ព្រះស្ឃ កម្មករ-កម្មការិនីជាង ៨លាន អង្គ/នាក់ ដែលជាចំនួនលើសពីពាក់កណ្តាលនៃប្រជាជនកម្ពុជាសរុបទាំងអស់ ។ នេះជាពន្លឺបំភ្លឺសង្គមដ៏ចែងចាំងមួយជ្រុងណានោះ និងគួរឲ្យមោទនភាពនូវលទ្ធផលដែលខ្មែរធ្វើបាន ចំពោះបេះដូងស្អាតរបស់អ្នកទាំងអស់គ្នា ។
ឥឡូវនេះក្រសួងសាម៉ី បានចេញពាក្យស្លោកមួយទៀតហើយ គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាពាក្យស្លោកថ្មីនៃយុទ្ធនាការបន្ត និងដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » របស់ក្រសួងបរិស្ថាន ហើយកំណត់យកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃបើកយុទ្ធនាការ « កម្ពុជាស្អាត ខ្មែរធ្វើបាន » ។
ពាក្យស្លោកដែលរំលេចចេញថ្មីមកនេះ គឺជាការជំរុញយុទ្ធនាការនេះឱ្យទទួលបានជោគជ័យមួយកម្រិតថែមទៀត ក្នុងការលើកកម្ពស់អនាម័យ ស្អាតស្អំខាងបរិស្ថាន បង្កើតសោភណភាព និងដើម្បីឲ្យកម្ពុជាអច្ឆរិយៈ ស្អាតស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលុបបំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី។
យុទ្ធនាការ « កម្ពុជាស្អាត ខ្មែរធ្វើបាន » គឺជាយុទ្ធនាការ ឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្តម្តង បើកបេះដូងឲ្យទូលាយ លាម្រាមដៃ ទាំងអស់គ្នា ដើម្បីកម្ចាត់សំរាមនៅជុំវិញបរិវេណផ្ទះ សាលា វត្ត ទីសាធារណៈ ក្នុងការប្រើពេល ១៥នាទីរៀងរាល់ថ្ងៃសៅរ៍ ។
ជាមួយនឹងការបង្កើតភាពស្អាតរបស់យើងមានរួចហើយនៅលើគោក គឺតាមរយៈយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក ក្រសួងបរិស្ថាននឹងបន្តឱ្យមានភាពស្អាតក្នុងទឹក និងបន្តទៅយុទ្ធនាការធ្វើឱ្យខ្យល់ស្អាតបន្តទៀត ៕