នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក សារុន សំបូរ ប្រធាននាយកដ្ឋាន និងមានការចូលរួម ពីតំណាងរដ្ឋបាលខេត្តព្រៃវែង មន្ទីរបរិស្ថានខេត្ត រដ្ឋបាលស្រុកបាភ្នំ និង អាជ្ញាធរឃុំពាក់ព័ន្ធ បានចុះត្រួតពិនិត្យបញ្ហាបង្កផលប៉ះពាល់ ដោយរំញ័រសំឡេង និងហុយធូលី ពីការដ្ឋានយករ៉ែថ្ម មកលើទីតាំងអង្គភាពឃ្លាំងគ្រាប់ k89 ស្ថិតនៅឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជាលទ្ធផលនៃការចុះត្រួតពិនិត្យ មានដូចខាងក្រោម៖
១-ទីតាំងអង្គភាពឃ្លាំងគ្រាប់ K89
– ឃ្លាំងស្តុកគ្រាប់ របស់អង្គភាព K89 មានទាំងអស់ចំនួនពីរ។ ឃ្លាំងនីមួយៗ មានបណ្តោយ ២៥ម ទទឹង ៨ម និងកំពស់ ៧ម មានជញ្ជាំងបេតុង (រៀបឥដ្ឋ) និងដំបូលប្រក់ស័ង្កសី។ បច្ចុប្បន្ន នៅក្នុងឃ្លាំងមានផ្ទុកគ្រាប់ប្រភេទធន់ធ្ងន់ៗ ពេញក្នុងឃ្លាំង។ តាមការសង្កេត ឃ្លាំងស្តុកគ្រាប់នេះ មានលក្ខណៈចាស់ និងទ្រុឌទ្រោម ព្រោះសាងសង់ឡើងតាំងពីឆ្នាំ១៩៨៩ មកម្លេះ។ បញ្ហានេះ អគារឃ្លាំងអាចងាយនឹងបាក់រលំ នៅពេលមានការបង្ករំញ័រ ឬរញ្ជួយខ្លាំងៗ ដែលអាចនឹងបង្កហានិភ័យដល់សុវត្ថិភាពនៃគ្រាប់ផ្ទុះ ។
– តាមការពិនិត្យ ជញ្ជាំង និងដំបូលឃ្លាំងស្តុកគ្រាប់ បានទទួលរងនូវប្រេះស្រាំ និងធ្លុះធ្លាយ ដោយសារទទួលរងនូវការរំញ័រខ្លាំង និងការប៉ើងខ្ទាតបំណែកថ្មធ្លាក់មកលើ ចេញពីការបំផ្ទុះយកថ្ម ដែលស្ថិតនៅចម្ងាយប្រមាណ ១២០ម ពីទីតាំងឃ្លាំងស្តុកគ្រាប់ ។
– ជាមួយគ្នានេះដែរ ទីតាំងការដ្ឋានយករ៉ែថ្មទាំងអស់ បានបង្កបញ្ហាការហុយធូលីបណ្តាលឱ្យប៉ើងធ្លាក់ពាសពេញនៅក្នុងតំបន់ការដ្ឋាន ដោយសារក្រុមហ៊ុនពុំបានធ្វើការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការហុយធូលីឡើយ ។
២-ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្ម
ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្ម មានទាំងអស់ចំនួន៥ និងស្ថិតនៅក្នុងតំបន់តែមួយ (នៅក្បែរៗគ្នា) ដោយមានច្បាប់អនុញ្ញាតពីក្រសួងជំនាញពាក់ព័ន្ធ និងមានកិច្ចសន្យាការពារបរិស្ថានពីក្រសួងបរិស្ថាន ប៉ុន្តែទោះជាយ៉ាងនេះក្តី បញ្ហាបង្កការរំញ័រ ការហុយធូលី និងសំឡេងខ្លាំង នៅតែមានបញ្ហាដដែល ដែលបញ្ហាទាំងអស់នេះ កើតចេញពីសកម្មភាពនៃការបំផ្ទុះ ការកិនថ្ម និងការដឹកជញ្ជូន។
៣-មតិភាគីពាក់ព័ន្ធ
– លោកមេបញ្ជាការអង្គភាពឃ្លាំងស្តុកគ្រាប់ K89 បានស្នើដល់ក្រុមហ៊ុនអាជីវកម្មរ៉ែថ្ម ត្រូវធ្វើការកាត់បន្ថយចំនួនរន្ធបំផ្ទុះយកថ្មក្នុង១លើកៗ ឲ្យស្ថិតនៅក្នុងចំនួនតិច និងស្នើសុំចុះត្រួតពិនិត្យនៅរៀងរាល់មុនពេលធ្វើការបំផ្ទុះយកថ្មម្តងៗ ដើម្បីធានាថានឹងមិនបង្កការរំញ័រខ្លាំងជាបន្តទៀត ។
– ឆ្លើយតបនឹងសំណើរបស់លោកមេបញ្ជាការ ក្នុងការចុះត្រួតពិនិត្យនោះ តំណាងក្រុមហ៊ុនអាជីវកម្មរ៉ែថ្ម បានឯកភាពទទួលយក។ ប៉ុន្តែ ចំពោះការស្នើឱ្យកាត់បន្ថយចំនួនរន្ធបំផ្ទុះនោះ តំណាងក្រុមហ៊ុនទទួលយកទៅធ្វើការពិនិត្យលទ្ធភាពក្នុងការកាត់បន្ថយ។ តាមធម្មតា ការខួងបំផ្ទុះយកថ្មម្តងៗ មានចន្លោះពី ៨០ទៅ១២០រន្ធ ហើយពេលវេលានៃការបំផ្ទុះ គឺចាប់ពីម៉ោង១២ ដល់ម៉ោង១២.៣០នាទីថ្ងៃត្រង់ (រយៈពេល៣០នាទី) ប៉ុណ្ណោះ (ការកំណត់របស់ក្រសួងរ៉ែ និងថាមពល) ។
– រដ្ឋបាលស្រុក និងអាជ្ញាធរឃុំ បានស្នើឲ្យក្រុមហ៊ុនមានវិធានការទប់ស្កាត់ការហុយធូលីឲ្យមានភាពល្អប្រសើឡើង ព្រោះពេលកន្លងមកនេះ ទាំងសកម្មភាពដឹកជញ្ជូន និងការកិនថ្ម បានបង្កបញ្ហាហុយយ៉ាងខ្លាំងជាប្រចាំ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
៤-ជាដំណោះស្រាយ
ជម្រើសទី១-សិក្សារៀបចំទីតាំង និងអគារឃ្លាំងគ្រាប់ថ្មី ឱ្យមានភាពរឹងម៉ាំល្អ ដើម្បីបញ្ចៀសនូវហានិភ័យដល់ការស្តុកទុកគ្រាប់ផ្ទុះ ករណីកក្រុមហ៊ុនអាជីវកម្មរ៉ែថ្មទាំង៥ អាចមានលទ្ធភាពក្នុងការចូលរួមជួយឧបត្ថម្ភលើការចំណាយរៀបចំអគារឃ្លាំងថ្មី និងការផ្ទេរសម្ភារៈសឹក។ ករណីនេះ តំណាងក្រុមហ៊ុនថានឹងយកសំណើវិធានការនេះ រាយការណ៍ជូនទៅប្រធានក្រុមហ៊ុន ធ្វើការពិនិត្យ និងសម្រេច ជាមុនសិន។
ជម្រើសទី២-តម្រូវឱ្យក្រុមហ៊ុនទាំងអស់ អនុវត្តនូវវិធានការកាត់បន្ថយរំញ័រ សំឡេង និងហុយធូលី ទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងតាមច្បាប់កំណត់ ៕