សម្បុកក្រពើភ្នំសរុបចំនួន៥ ត្រូវបានរកឃើញ នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ហើយការរកឃើញសំបុកពងកូនចំនួន ៥សំបុក និងញាស់ជោគជ័យបាន ៦០កូន បានឆ្លុះបញ្ចាំងឲ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញ ជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព និងសមស្របសម្រាប់ប្រភេទសត្វដ៏កម្រនេះរស់នៅ។» ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ «នេះជាមោទកភាពណាស់ ដែលប្រទេសកម្ពុជាយើងមានវត្តមានប្រភេទសត្វ ដ៏កម្របំផុតនៅលើពិភពលោក ជាពិសេសនៅឧទ្យានជាតិជួរភ្នំក្រវាញ និងតំបន់ការពារធម្មជាតិមួយចំនួនផ្សេងទៀត។ យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សជីវចម្រុះឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ ជាសម្បត្តិរបស់ប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។»
គួរបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលក្នុងនោះយុទ្ធសាស្ត្រទី២«ភាពបៃតង» មុំទី២ អាទិភាពទី២ បានផ្តោតលើការការពារ និងអភិរក្សជីវចម្រុះ ហើយក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្សនិងស្តារទីជម្រក របស់ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ។ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកក្រពើភ្នំសរុបចំនួន ៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ សំបុកទាំង៥នោះ មានពងសរុបចំនួន១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមាន ចំនួន៦៦គ្រាប់។ សំបុកទាំងនោះ ត្រូវបានយាមការយ៉ាងហ្មត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍មូលដ្ឋាន។ ជាលទ្ធផល កូនក្រពើភ្នំសរុបចំនួន៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រកដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុង ធម្មជាតិ។
គួរបញ្ជាក់ផងដែរថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួនប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង៣០០ក្បាល៕