ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៤ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្របានរៀបចំសិក្ខាសាលា ស្តីពី «ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងយេនឌ័រសម្រាប់យុវជន» ក្រោមអធិបតីភាព ឯកឧត្ដម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្ដសៀមរាប។
សិក្ខាសាលាមានគោលបំណងដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការប្រែប្រួលអាកាសធាតុ និងការផ្សារភ្ជាប់យេនឌ័រសម្រាប់កសាងភាពធន់ក្នុងសហគមន៍ ព្រមទាំងប្រមូលរាល់បញ្ហាប្រឈមសំខាន់ៗរបស់យុវជន ដើម្បីរួមចំណែកដោះស្រាយការប្រែប្រួលអាកាសធាតុនៅក្នុងសហគមន៍របស់ពួកគេ។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ដ្រីក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្ដសៀមរាប តំណាងមន្ទីរទូទាំងខេត្ដសៀមរាប តំណាងគណៈកម្មាធិការជាតិគ្របគ្រងគ្រោះមហន្ដរាយ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងយុវជន ស.ស.យ.កខេត្ត និងស.ស.យ.ក វិស័យបរិស្ថាន សរុបចំនួន៦៥នាក់ ។
ជាកិច្ចចាប់ផ្ដើម លោកជំទាវ ម៉ននី រង្សី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីក្រសួងបរិស្ថាន ដែលបានជ្រើសរើសយកខេត្ដសៀមរាបសម្រាប់រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ ខេត្ដសៀមរាបមិនត្រឹមតែជាខេត្ដទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាខេត្ដដែលមានប្រជាជនប្រកបរបរកសិកម្មភាគច្រើនផងដែរ ដែលងាយប្រឈមនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផងដែរ។ ជាការឆ្លើយតប សាលាខេត្ដនិងមន្ទីរបរិស្ថានខេត្ដសៀមរាបបានចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថាននៅក្នុងការអនុវត្ដផែនការសកម្មភាព ព្រមទាំងយុទ្ធសាស្ដ្រ និងយុទ្ធនាការនានា ដែលថ្នាក់ដឹកនាំក្រសួងបានដាក់ចេញកន្លងមក។ ក្នុងនោះ ទូទាំងខេត្ដសៀមរាបទាំងមូលបានបណ្ដុះនិងដាំកូនឈើបានប្រមាណ២៥ ០០០ ក្នុងឆ្នាំ២០២៤នេះ ដេីម្បីចូលរួមបង្កេីនគម្របព្រៃឈើឱ្យបាន ៦០% ត្រឹមឆ្នាំ២០៥០។
ថ្លែងក្នុងសន្ទរកថាបើក ឯកឧត្ដម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលេីកឡេីងពីផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាអាទិ៍ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងយុទ្ធនាការនានាសំដៅលេីកកម្ពស់ភាពស្អាត បៃតង និងចីរភាព។ ឯកឧត្តមសង្កត់ធ្ងន់ថាយុវជនជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការបំផុសស្មារតីស្រលាញ់និងគាំពារបរិស្ថាន និងជំរុញរាល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាមទារឱ្យមានការចូលរួមពីយុវជនទាំងនៅកម្រិតជាតិ និងនៅកម្រិតមូលដ្ឋាន មិនអាចខ្វះបានឡើយ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម ក៏បានអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀតពី យុវជន យុវនារី គ្រប់ទិសទី ដើម្បីអនុវត្ដសកម្មភាពមេត្រីភាពបរិស្ថាន ការសិក្សាស្រាវជ្រាវ ការពង្រឹងសមត្ថភាព ជំនាញពាក់ព័ន្ធនឹងបរិស្ថាន។
ជាលទ្ធផល សិក្ខាកាមទទួលបានចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងវិធានបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ចំណេះដឹងនិងព័ត៌មានពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ គោលនយោបាយ ផែនការ យុទ្ធសាស្ដ្រ និងវិធីសាស្ដ្រសម្រាប់អនុវត្ដ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់របស់យុវជននិងយេនឌ័រចំពោះការងារប្រែប្រួលអាកាសធាតុ ៕