ថ្ងៃច័ន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ2024 នៅសាលាក្រុងប៉ោយប៉ែត ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការ និង មន្រ្តីជំនាញនៃអគ្គនាយកដ្នានគាំពារបរិស្ថាន ដោយមានការចូលរួមពីរដ្ឋបាល មន្ទីរបរិស្ថាន មន្ទីរសារធារណៈការខេត្ត មន្ទីរធនធានទឹក មន្រ្តីសាលាក្រុងប៉ោយប៉ែត ធ្វើការជួបប្រជុំដើម្បីពិនិត្យលើការបំពុលទឹកដែលបណ្តាលពីការបញ្ចេញសំណល់ទឹកកខ្វក់ពីកាស៊ីណូ និងប្រព័ន្ធលូសាធារណៈចូលអូរជ្រៅព្រំដែនកម្ពុជា-ថៃ ។
តាមមតិលើកឡើងរបស់លោកប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យថា មានកាស៊ីណូ និងសណ្ឋាគារ ដែលធ្វើអាជីវកម្មតាមបណ្តោយដងអូរជាច្រើនគ្មានច្បាប់បរិស្ថាន និងបានបង្ហូរសំណល់ទឹកកខ្វក់ដោយផ្ទាល់ចូលក្នុងអូរជ្រៅ។ តាមរយៈកិច្ចប្រជុំនេះ ជាលទ្ធផលឯកឧត្ដម សាបូ អូហ្សាណូ បានដាក់ចេញនូវវិធានការណ៍ដូចខាងក្រោម៖
១.ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអភិបាលក្រុងប៉ោយប៉ែតធ្វើបច្ចុប្បន្នភាព ចំនួនប្រភពបំពុលពីទីតាំងកាស៊ីណូដែលមានអាងប្រព្រឹត្ដិកម្ម និងមិនមានអាង ចំនួនសិប្បកម្មរួចធ្វើរបាយការណ៍មកក្រសួងបរិស្ថានដោយទុករយះពេល១ខែ គិតពីចាប់ថ្ងៃប្រជុំ ។
២.ប្រើយន្តការទ្វេភាគីរវាងកម្ពុជា-ថៃ រដ្ឋបាលខេត្ត និងខេត្តប្រទេសថៃដែលជាប់ព្រំដែនគ្នា ដោយបញ្ជាក់ពីសំណល់ទឹកកខ្វក់ត្រូវបានបង្ហូរពីប្រទេសថៃ ។
៣.ស្នើឱ្យរដ្ឋបាលខេត្តធ្វើរបាយការណ៍ទៅក្រសួងមហាផ្ទៃដើម្បីលើកឡើងក្នុងកិច្ចប្រជុំកម្រិតថ្នាក់ជាតិជាមួយភាគីថៃ ។
៤.រដ្ឋបាលខេត្តក្រុង មន្ទីរបរិស្ថាន និងមន្ទីរសាធារណការខេត្ត ក្នុងអនុក្រិត្យ លេខ២៣៥ អនក្រ.បក មានការបែងចែកតួនាទីភារកិច្ចទាក់ទងការបញ្ចេញសំណល់ទឹកកខ្វក់ចូលបណ្តាញលូ និងតំបន់ទឹកសាធារណៈត្រូវស្នើសុំពីរដ្ឋបាលខេត្តក្រុង ។
៥.តាមក្រមបរិស្ថាននិងធនធានធម្មជាតិ គ្រប់ប្រភពបំពុល កាស៊ីណូត្រូវមានច្បាប់ដូចជា ករណីមិនមានEIAត្រូវរងការផាកពិន័យ ។
៦.កាស៊ីណូ ដែលបង្ហូរសំណល់រាវដោយផ្ទាល់ចូលក្នុងអូរ ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ។
៧.អនុឡោម តាមក្រមបរិស្ថាន និងធនធានធម្មជាតិ អនុក្រិត្យ ច្បាប់បរិស្ថាន តាមរបាយការណ៍ស្រុកក្រុងដែលបានធ្វើបច្ចុប្បន្នភាព ករណីរកឃើញមានការបង្ហូរសំណល់ រាវដោយផ្ទាល់ ត្រូវធ្វើការផាកពិន័យ ។
៨.ស្នើសុំគោលការណ៍ ឯកឧត្តមរដ្ឋមន្រ្តីអោយក្រុមការងារពីអគ្គនាយកដ្ឋានគាំពារបរិស្ថានចុះធ្វើអធិការកិច្ចនៅទីតាំងប្រភពបំពុលដើម្បីអនុវត្តវិធានការណ៍តាមផ្លូវច្បាប់ ។
៩.មន្ទីរបរិស្ថានត្រូវធ្វើការតាមដានស្ថានភាពនៃការបំពុលទឹកអូរជ្រៅទៅថ្នាក់ដឹកនាំក្រសួងជាប្រចាំ ដើម្បីមានវិធានការណ៍ឆ្លើយតបដោះស្រាយបន្ទាន់ ។
ក្រោយពីកិច្ចប្រជុំ ក្រុមការងារបានទៅពិនិត្យមើលទីតាំងជាក់ស្តែងចំនួន៤ ទីតាំងដែលបង្ហូរសំណល់រាវចេញពីកាស៊ីណូ និងបណ្តាញលូសាធារណៈចេញពីទីប្រជុំជនចូលក្នុងអូរជ្រៅ ៕