នៅថ្ងៃទី០៥ -០៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Rainforest ខេត្តកំពត ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតី និងដឹកនាំក្នុងសិក្ខាសាលាពិនិត្យផ្តល់សុពលភាព ស្តីពី«ចំណុចដៅ និងសូចនាករជីវៈចម្រុះរបស់កម្ពុជា ស្របតាមក្របខ័ណ្ឌការងារជីវៈចម្រុះសកលគួនមីង-ម៉ុង រ៉េអាល់ នៃអនុសញ្ញាសហប្រជាជាតិស្តីជីវៈចម្រុះ» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃអង្គភាពចំណុះក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ ទីភ្នាក់ងារសហប្រជាជាតិ អង្គការជាតិនិងអន្តរជាតិ តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត និងសហគមន៍មូលដ្ឋាន សរុប ៨០ រូប។
សិក្ខាសាលានេះនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យផ្តល់សុពលភាពលើចំណុចដៅ និងសូចនាករជីវៈចម្រុះរបស់កម្ពុជា និងពិភាក្សា ផ្តល់ និងប្រមូលធាតុចូលសម្រាប់ពិនិត្យ និងបន្ស៊ីគោលនយោបាយ និងស្ថាប័នសម្រាប់អនុវត្តយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីនៃរាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្របខ័ណ្ឌការងារជីវៈចម្រុះសកលគួនមីង-ម៉ុងរ៉េអាល់ ក្រោមការសម្របសម្រួល និងរៀបចំដោយនាយកដ្ឋានជីវៈចម្រុះនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត និងជំនួយហិរញ្ញវត្ថុពី GEF តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)៕