ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម យិន សំរាយ ទីប្រឹក្សាក្រសួង តំណាងលោកជំទាវ ងិន លីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានចូលរួមកិច្ចសន្ទនាស្តីពីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទ (CEDAW) និងសេចក្តីសន្និដ្ឋាន នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មាការទី៨ នៃរដ្ឋសភា និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដោយមានវត្តមាន ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក គណ:កម្មាការទី៨ គណ:កម្មាការទី៧ និងគណ:កម្មាការទី២ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី មន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងតំណាងអង្គការ UN Women ចូលរួមសរុបចំនួន៩២នាក់ ស្ត្រី៧០នាក់។
កិច្ចសន្ទនានេះមានគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖
– បង្កើនការគាំទ្រពីរដ្ឋសភា និងការយល់ដឹងអំពីអនុសញ្ញាCEDAW
– ពិភាក្សាអំពីការអនុវត្តអនុសញ្ញាCEDAW ព្រមទាំងច្បាប់ និងវឌ្ឍនភាពគោលនយោបាយ ការប្រឈម និងផែនការបន្តទាក់ទងទៅនឹងសេចក្តីសង្កេតសន្និដ្ឋាន
– ការផ្តល់អនុសាសន៍លើការអនុវត្តអនុសញ្ញា CEDAW នៅកម្ពុជា។
អនុសញ្ញា CEDAW មាន៣០មាត្រា និងមានមាត្រាគោលសម្រាប់អនុវត្តមាត្រា១-១៦ មាត្រា១៧-២២ ជាសេចក្តីលម្អិតស្តីពីការបង្កើត និងការប្រព្រឹត្តទៅរបស់គណ:កម្មាធិការ CEDAW និងមាត្រា២៣-៣០ ជាសេចក្តីលម្អិតស្តីពីកិច្ចការរដ្ឋបាលរបស់គណ:កម្មាធិការ CEDAW ។ ព្រះរាជាណាចក្រកម្ពុជាបានចូលជារដ្ឋភាគីក្នុងឆ្នាំ១៩៩២ និងត្រូវរៀបចំរបាយការណ៍តាមកាលកំណត់ទៅគណ:កម្មាធិការ CEDAW រៀងរាល់៤ឆ្នាំម្តង។
រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកាតព្វកិច្ចក្នុងនាមជារដ្ឋភាគី ក្នុងការបញ្ចូនរបាយការណ៍តាមកាលកំណត់ទៅគណ:កម្មាធិការ CEDAW នៃអង្គការសហប្រជាជាតិចំនួន៣លើករួចមកហើយ៖
លើកទី១ ឆ្នាំ២០០៦៖ របាយការណ៍គួបលើកទី២ និងទី៣ (ទទួលបានសេចក្តីសង្កេតសន្និដ្ឋាន៤២ចំណុច)
លើកទី២ ឆ្នាំ២០១៣៖ របាយការណ៍គួបលើកទី៤ និងទី៥ (ទទួលបានសេចក្តីសង្កេតសន្និដ្ឋាន៥២ចំណុច)
លើកទី៣ ឆ្នាំ២០១៩៖ របាយការណ៍តាមកាលកំណត់លើកទី៦ (ទទួលបានសេចក្តីសង្កេត សន្និដ្ឋាន៥៧ចំណុច)
លើកទី៤ នៅឆ្នាំ២០២៥៖ របាយការណ៍តាមកាលកំណត់លើកទី៧
ក្រសួងបរិស្ថានបានរៀបចំរបាយការណ៍វឌ្ឍនៈភាពឆ្លើយតបនឹងផែនការសកម្មភាព ការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន (COB) ៥៧ចំណុច លើរបាយការណ៍លើកទី៦ ក្នុងការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) សម្រាប់របាយការណ៍លើកទី៧ របស់កម្ពុជា ឆ្នាំ២០២៤។
លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មាការទី៨ នៃរដ្ឋសភា តំណាងឱ្យសមាជិករដ្ឋសភា បានស្នើសុំ៖
១. បង្កើតក្រុមការងារសម្រាប់សម្របសម្រួលរវាងនីតិបញ្ញត្តិនិងនីតិប្រត្តិបត្តិ
២. មានកិច្ចប្រជុំជាប្រចាំរវាងនីតិបញ្ញត្តិនិងនីតិប្រត្តិបត្តិ
៣. ត្រូវមានធនធានមនុស្ស និងថវិកាសម្រាប់អនុវត្ត និងត្រូវមានវគ្គបណ្តុះបណ្តាល។