ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ អង្គការ សមាគម បានជួបពិភាក្សាជាមួយឯកឧត្ដម ដាញ់ សេរី អគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចគាំទ្រ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»។
ទង្វើស្អាតរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសិរីសួស្តីដែលនាំឱ្យកម្ពុជា ឈានទៅមានកេរ្តិ៍ឈ្មោះល្បីខាងផ្នែកស្អាត គឺស្អាតទាំងក្នុងចិត្ត និងស្អាតទាំងខាងក្រៅ ហើយការរស់នៅទៀតសោតក៏មានវិន័យ មិនប៉ោះសំរាមពាសវាលពាសកាល។
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហ៊ានបង្ហាញនូវសុតិដ្ឋនិយមដោយភាពជឿជាក់ថា កម្ពុជានឹងទទួលបានជោគជ័យ មានភាពស្អាតទាំងដែនគោក ដែនទឹក និងដែនអាកាស នៅពេលខាងមុខនេះ តាមរយៈចលនាស្អាត ស្អាតចេញពីបេះដូងខ្មែរ ដោយមិនចាំបាច់ទាល់តែមានការផាកពិន័យ លើការបោះចោលសំរាម ក៏ប្រជាពលរដ្ឋខ្មែរចេញមករួមគ្នាសំអាត ដើម្បីកម្ពុជាស្អាតគ្មានសំណល់ប្លាស្ទិក ដែលកត្តាទាំងនេះបានផ្តល់នូវភាពចំណេញដល់សុខភាព ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើសកលលោក៕