ភ្នំពេញ៖ ត្រីជាប្រភពអាហារូបត្ថម្ភដ៏ចម្បងរបស់ប្រជាពលរដ្ឋកម្ពុជា ហើយដើម្បីការពារនូវប្រភពទ្រទ្រង់សុខភាពប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀមដាក់ចេញនូវយុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងជំហានទី១នៃការកាត់បន្ថយសំណល់ប្លាស្ទិកនៅលើគោក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមជាង៤លាននាក់។
ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងស្វែងយល់អំពីការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើររវាងអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS) និងក្រសួងបរិស្ថាន នៅទីស្តីការក្រសួង នាសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
កញ្ញា អ៊ីដា ក្រាចា (Eda Kraja) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា-ឡាវនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង UNOPS បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីវត្ថុបំណងនៃជំនួប ដើម្បីបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។
លើសពីនេះកញ្ញា អ៊ីដា ក្រាចា (Eda Kraja) ក៏ចង់ស្វែងយល់បន្ថែមដែរអំពី ការងារអាទិភាពដើម្បីផ្សារភ្ជាប់ជាមួយគម្រោងជាសកលផ្សេងៗទៀតរបស់ UNOPS តាមរយៈការសម្របសម្រួលគម្រោងការងារជាមួយដៃគូជាច្រើនដូចជា មូលនិធិអាកាសធាតុបៃតង(GCF), ភាពជាដៃគូ(NDC partnership), UNEP មជ្ឈមណ្ឌលអាកាសធាតុទីក្រុងCopenhagen។
ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានអរគុណចំពោះដៃគូអភិវឌ្ឍន៍ដែលកន្លងមកបានរួមចំណែកជាមួយវិស័យបរិស្ថាន និងបានបង្ហាញជូនអំពីភាពជោគជ័យនៃការប្រែប្រួលឥរិយាបថរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាចំពោះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការរៀបចំទុកដាក់សំរាម និងការបែងចែកសំរាមបានត្រឹមត្រូវដើម្បីធានាបាននូវភាពស្អាតពីបរិវេណជុំវិញផ្ទះ សាលារៀន វត្តអារាម រួមនឹងសហគមន៍មូលដ្ឋាន។
ជាមួយភាពស្អាតដែលកើតចេញពីសាមគ្គីភាព និងកម្លាំងនៃការរួបរួមចិត្តជាធ្លុងមួយនេះ នឹងធ្វើឱ្យកម្ពុជាស្អាតគឺទាំងនៅលើគោក ក្នុងទឹក និងអាកាស ហើយមរតកស្អាតនឹងបន្តទៅអ្នកជំនាន់ក្រោយហើយសាយភាយទៅប្រទេសជុំវិញក្នុងតំបន់អាស៊ី ៕