អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ គាំទ្រការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលណែនាំក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ(Upskilling) និងការផ្លាស់ប្តូរជំនាញ(Reskilling) ដល់កម្មករនិយោជិត ពីព្រោះជាយុទ្ធសាស្ត្របង្កើនផលិតភាពការងារ និងទាក់ទាញវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះថា៖«វាមានសារៈសំខាន់ណាស់ក្នុងការបង្កើនផលិតភាពការងារនៅក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដោយសារតែគោលដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺបានដាក់គោលនយោបាយរុញច្រានវិស័យឧស្សាហកម្មនៅក្នុងស្រុក ក្នុងគោលបំណងបង្កើនតម្លៃបន្ថែម ដូច្នេះហើយមានតែការពង្រឹងកម្មវិធីការបង្កើនជំនាញ(Upskilling) និងការផ្លាស់ប្តូរជំនាញដល់កម្មករនិយោជិតទេដែលអាចឱ្យគោលនយោបាយនេះដើរទៅមុខបាន»។
លោកបន្ថែមថា ក្នុងយន្តការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ការពង្រឹងកម្មវិធីការបង្កើនជំនាញ(Upskilling) និងការផ្លាស់ប្តូរជំនាញ(Reskilling) ដល់កម្មករនិយោជិតគឺជាកិច្ចការមួយសំខាន់ណាស់សម្រាប់លើកកម្ពស់សមត្ថភាពជំនាញទៅដល់កម្មករនិយោជិតដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាស បើទោះបីពួកគាត់មានជំនាញ និងគ្មានជំនាញក៏ដោយ។
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាជោគជ័យលើការពង្រឹងកម្មវិធីការបង្កើនជំនាញ(Upskilling) និងការផ្លាស់ប្តូរជំនាញ(Reskilling) ដល់កម្មករនិយោជិតគោលដៅហើយ នោះកម្លាំងជំនាញនៅកម្ពុជានឹងមានសញ្ញាណល្អរុញច្រានវិស័យការងារនៅកម្ពុជាដើរទៅមុខ ជាពិសេសនោះទាក់ទាញភ្នែកអ្នកវិនិយោគទាំងក្រៅស្រុក និងនៅក្នុងស្រុក លើវិស័យឧស្សាហកម្មធំៗមកកាន់ប្រទេសកម្ពុជា ពីព្រោះពួកគេយល់ថាកម្ពុជាមានធនធានមនុស្សរួចជាស្រេចដែលអាចឆ្លើយតបទៅនិងតម្រូវការការងាររបស់ក្រុមហ៊ុនពួកគេបាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ(Upskilling) និងការផ្លាស់ប្តូរជំនាញ(Reskilling) ដល់កម្មករនិយោជិតដែលកំពុងបំពេញការងារគ្មានជំនាញ, មិនមានជំនាញគ្រប់គ្រាន់ ឬខុសជំនាញ, អ្នកបាត់បង់ការងារ, និងអ្នករងផលប៉ះពាល់ពីការប្រែប្រួលនៃបច្ចេកវិទ្យា និងពិភពការងារ ដើម្បីលើកកម្ពស់ផលិតភាពការងារ, ការជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង និងការផ្តល់ឱកាសចុះកម្មសិក្សា, ទទួលការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពកម្មករនិយោជិត នៅនឹងកន្លែងការងារ, ព្រមទាំងការអនុវត្តកម្មវិធីបណ្តុះបណ្តាល តាមថ្នាលឌីជីថលនៅកន្លែងការងារ, កម្មវិធីបែបចម្រុះ ឬឆ្លាស់ ជាពិសេសការផ្តល់ឱកាសទទួលបានការសិក្សាពេញមួយជីវិត, ការធ្វើតេស្តវាយតម្លៃសមត្ថភាពពីមុន និងសមត្ថភាពបច្ចុប្បន្ន, និងការអនុវត្តការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមក ក្នុងតំបន់អាស៊ានជាដើម៕