ពោធិ៍សាត់ ÷ អនុវត្តន៍តាមសេចក្តីជូនដំណឹងលេខ ១១៦៦/០៣២៤ សជណ.បស្ថ ស្តីពីគោលការណ៍គ្រប់គ្រងគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ការពារធម្មជាតិ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ រួមជាមួយក្រុមការងារមេធាវីនៃក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានចុះពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំហំដីក្រោម ១០ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែងជាជំហានដំបូងចំនួន ៤(បួន)គម្រោង នៅតំបន់ភ្នំ១៥០០ តាមបណ្តោយផ្លូវជាតិលេខ ៥៥ (ផ្លូវបុប្ផាលាក់ខ្លួន)។
ឯកឧត្តមបានជំរុញក្រុមការងារត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់គម្រោង និង សាធារណជន និងបន្តចុះពិនិត្យស្ថានភាពគម្រោងពាក់ព័ន្ធទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងតាមបណ្តាខេត្តផ្សេងទៀត ដើម្បីឱ្យការអភិវឌ្ឍគម្រោង គោរពតាមលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។