សហគមន៍មានភាពជាម្ចាស់គឺជាភាពជោគជ័យ និងនិរន្តភាពនៃគម្រោងអភិវឌ្ឍន៍ ដែលបានដាក់ចេញតាមរយៈគម្រោងលំហែបៃតងរបស់ក្រសួងបរិស្ថាន។ នេះជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍អណ្តូងក្រឡឹង(Jahoo Gibbon Camp) ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃព្រហស្បតិ៍ទី ២១ ខែមីនា ឆ្នាំ២០២៤។
តាមរយៈគោលដៅលំហែបៃតងនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់បន្ថែមទៀតថា ការរួមចំណែកពីសហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិ និងព្រៃឈើ តាមរយៈការគ្រប់គ្រង និងទប់ស្កាត់ អនុលោមតាមវិធានការទាំង ៤របស់ក្រសួងបរិស្ថាន ក្នុងនោះជំរុញការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។
ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំ ស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបានជាង ៦០%ក្នុងឆ្នាំ ២០៥០ផង និងបង្កើតឱ្យមានភាពប្លែកគ្នាពីតំបន់ទេសចរណ៍មួយទៅតំបន់ទេសចរណ៍មួយទៀត ដែលហៅថារបៀងទេសចរណ៍ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុលោមតាមអនុសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើដោយទទូចទៅប្រជាសហគមន៍ ត្រូវតែរក្សាឱ្យបានកុំឱ្យមានការកាប់រានដីព្រៃ ការបាញ់សម្លាប់សត្វព្រៃ ដែលជាទ្រព្យសម្បត្តិជាសមូហភាពរបស់ប្រជាសហគមន៍ ហើយពិសេសទៅទៀតនោះ សូមសហគមន៍កុំលក់ដីសហគមន៍ ព្រោះដីសហគមន៍គឺជាប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាសហគមន៍យើង ដូចពាក្យចាស់លោកពោលថា «ការពារព្រៃគង់ មិនខ្វះឧសដុត»៕