នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យករណីការបំពុលទឹកអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានប្រភពចេញពីរោងចក្រកែច្នៃផលិតផលកសិកម្ម (ដំណាប់ស្វាយ) ឈ្មោះ Ahachanglong (Cambodia) Co.,Ltd.។
រោងចក្រនេះ បានបើកដំណើរនៅឆ្នាំ២០២៣ ជាប្រភេទរោងចក្រផលិតដំណាប់ស្វាយ និងទិញផ្លែស្វាយស្រស់ ៤០តោន/ថ្ងៃ (ទិញក្នុងស្រុក) ។ សំណល់រាវដែលចេញពីការលាងផ្លែស្វាយមានប្រមាណ ២០ ម៉ែត្រត្រីគុណក្នុងថ្ងៃ ដោយបង្ហូរចូលអាងប្រព្រឹត្តកម្ម និងសំណល់រាវទឹកស្ករត្រាំស្វាយមានប្រមាណ ២០ម៉ែត្រត្រីគុណក្នុងមួយ ត្រូវបានប្រគល់អោយឯកជនដែលមានការអនុញ្ញាតពីស្រុក ដឹកយកទៅចាក់នៅរណ្តៅដីឯកជន ។
ក្នុងរោងចក្រនេះ មានអាងប្រព្រឹត្តិកម្មសំណល់រាវចំនួនមួយ ជាប្រភេទគីមីសាស្ត្រ ដោយប្រើប្រាស់ PAC Caustic Soda និង Mono Patassium Phosphate។ តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថាការប្រើប្រាស់ប្រភេទអាងប្រព្រឹត្តកម្មបែបនេះមិនទាន់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេ ដែលត្រូវធ្វើការកែសម្រួលបន្ថែម ។
ក្រុមការងារបានយកសំណាកសំណល់រាវចំនួនពីរទីតាំង ដោយទីតាំងទី១ ជាចំណុចចុងលូចូលអូរសាធារណៈ និងទីតាំងទី២ ជាទឹកអូរ ដែលមានចម្ងាយ ១,៥ គីឡូម៉ែត្រពីទីតាំងរោងចក្រ ដើម្បីយកមកវិភាគនៅមន្ទីរពិសោធន៍។
ក្រុមការងារនិងបន្តការត្រួតពិនិត្យនៅខ្សែទឹកខាងក្រោមបន្តទៀត ដើម្បីកំណត់ប្រភពដែលហូរចូលអូរ និងវាយតម្លៃអំពីទំហ៊ុនៃការប៉ះពាល់ ៕