ក្រោយពីមានឧប្បទ្ទវហេតុក្រឡាប់រថយន្តនៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ ដែលដឹកអាស៊ីដស៊ុលហ្វួរិក ៣០តោន ហូរចូលតាមព្រែក ចាក់ទៅទន្លេខាន និងទន្លេមេគង្គ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ មក ក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់ ចុះធ្វើការពិនិត្យគុណភាពទឹកទន្លេមេគង្គ នៅតំបន់រ៉ាមសា ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ឡាវ-កម្ពុជា និងបានយកសំណាកទឹក មកវិភាគតាមដានជាប់ជាប្រចាំ និងថែមទាំងចាត់តាំងមន្ត្រីនៅប្រចាំការទៀតផង ។
ទឹកអាស៊ីដ ស៊ុលហ្វូរិក ដែលរថយន្តក្រឡាប់ និងហូរចូលទន្លេមេគង្គ ស្ថិតនៅភូមិសាងខាំ ដែលមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវប្រមាណ ១.៣៧០ គីឡូម៉ែត្រ ។
ក្រសួងបរិស្ថាន បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងជាមួយអាជ្ញាធរប្រទេសឡាវ តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (MRC) ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌ពីគ្នាទៅវិញទៅមក អំពីការវិវត្ត នៃស្ថានភាពគុណភាពទឹកទន្លេមេគង្គ ។
នេះជាការជូនដំណឹងរបស់ក្រសួងបរិស្ថាន ដល់សាធារណជន និងប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅផ្នែកខាងលើ នៃដងទន្លេមេគង្គកម្ពុជាឲ្យបានជ្រាប ហើយក្រសួងនឹងជូនព័ត៌មានបន្តទៀត នៅពេលណាទឹកទន្លេមេគង្គមានការប្រែប្រួល ៕