ទីកន្លែងដ៏ស្រស់ស្អាតដែលពោរពេញដោយបរិយាកាសជុំវិញពណ៌បៃតង និងស្ងប់ស្ងាត់នេះ ជាគំនិតផ្តួចផ្តើមដ៏ជ្រះថ្លា សាងឡើងដោយបេះដូងរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលចង់ឲ្យក្លាយជាមណ្ឌលវិបស្សនា សមាធិដ៏ទំនើប នៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះកុសុមៈគីរីរម្យ និងក្នុងគោលបំណង ឲ្យចិត្តមនុស្សបានស្ងប់ស្ងាត់ ស្អាតទាំងក្រៅ ស្អាតទាំងក្នុង និងស្អាតទាំងខួរក្បាលស្រឡះល្អ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា វប្បធម៌ខ្មែរ និងបង្ហាញអំពីជីវិតមនុស្សផ្សារភ្ជាប់ជាមួយធនធានធម្មជាតិដ៏ស្រស់បំព្ររបស់ខ្មែរ បង្ហាញផ្លូវមនុស្សឲ្យប្រកបដោយធម៌សន្តោស ខន្តី មានសន្តិភាពខាងក្រៅហើយ សន្តិភាពនៃចិត្តខាងក្នុងក៏ត្រូវតែមានជាមួយគ្នាផងដែរ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ។
ការសាងសង់ទីកន្លែងសមាធិនេះកំពុងមមាញឹកធ្វើគ្មានស្រាកស្រាន្តចាប់តាំងពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២៤ រហូតមកដល់ពេលនេះនៅសល់កាំជណ្តើរ ដើម្បីឆាប់បានបងប្អូនជាពុទ្ធបរិស័ទ ទីជិត ទីឆ្ងាយ ដោយមានរៀបចំខ្យូសជាលក្ខណៈខ្មែរបែបទំនើប មានភាពល្អឯកប្លែកពីតំបន់ដទៃ សម្រាប់បន្សល់ជាស្នាដៃទុកជាកេរ្តិ៍មរតកដល់កូនខ្មែរជំនាន់ក្រោយ។ គម្រោងនឹងរៀបចំពី ៥ទៅ១០ ខ្យូស សម្រាប់ការសាកល្បងជាមុនសិន ម្យ៉ាងចង់ឱ្យមានការចូលរួមការពារ និងអភិរក្សពីប្រជាសហគមន៍ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ពីព្រោះថា ការសាងសង់នេះ គឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់ឱ្យរកប្រាក់ចំណូលបន្ថែមផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រីបានជូនពាក្យពេចន៍ដ៏ចាក់ដោតថា ការរកចំណូលរបស់បងប្អូនសហគមន៍ គឺត្រូវផុសចេញពីភាពស្អាត បេះដូងសុចរិត មិនកេងចំណេញទៅលើពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកកម្សាន្ត រក្សាភាពថ្លៃថ្នូរដែលជាទំនៀមទម្លាប់របស់ប្រជាជាតិពីដូនតាខ្មែរ ។ ជាមួយគ្នានេះ ក៏មានរៀបចំឲ្យមានសោភ័ណភាព មិនមានសំរាម ឬថង់ប្លាស្ទិកដែលបង្កការបំពុលបរិស្ថាន ចំណែកតម្លៃម្ហូបអាហារក៏អាចទទួលយកបានតាមរយៈការកំណត់ថ្លៃត្រឹមត្រូវ អមដោយបរិយាកាសមានផាសុកភាពល្អ ៕