នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈ«គិរីរម្យ» ស្ថិតក្នុងខេត្ដកំពង់ស្ពឺ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដោយលោក សេក ធា ប្រធាននាយកដ្ឋានរដ្ឋបាល និងសហការី បានចូលរួមប្រជុំ និងចុះពិនិត្យមើលទីតាំងជាក់ស្ដែងនៃសមិទ្ធផលនានារបស់មជ្ឈមណ្ឌលព្រះពុទ្ធសាសនាកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម សន្ដិបណ្ឌិត យូ ស៊ុនឡេង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។
សមាសភាពចូលរួមមានឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងពាក់ព័ន្ធ គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្ដរជាតិ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ដ ប្រធានមន្ទីរបរិស្ថានខេត្ដ មន្ដ្រីឧទ្យានុរក្ស មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារមជ្ឈមណ្ឌលព្រះពុទ្ធសាសនា សរុបប្រមាណចំនួន ១០០នាក់។
ជាលទ្ធផលក្រុមការងារបានចុះពិនិត្យមើលទីតាំងជាក់ស្ដែងនៃសមិទ្ធផលរួមមាន៖ ព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកមាន ១.១៧០ ផ្ទាំង កន្លែងកាត់ខ្សែបូឆ្លងផ្លូវបេតុង ៩ខ្សែ បូជនីយដ្ឋានសមថៈវិបស្សនា និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលនឹងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកក្រុមការងារក៏បានប្រជុំជជែកពិភាក្សា ដើម្បីបែងចែកតួនាទីភារកិច្ច ក្នុងការទទួលខុសត្រូវរៀងៗខ្លួន ៕