ការប្រកាសយ៉ាងម៉ឺងម៉ាត់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឲ្យទប់ស្កាត់ និងការពារការកាប់រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ដោយខុសច្បាប់ ដែលជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចតាមការបង្ក្រាបជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។
អនុវត្តនូវវិធានការរបស់ថ្នាក់លើ នៅថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០២៤ នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» លោកអនុប្រធានការិយាល័យបានដឹកនាំមន្រ្តីឧទ្យានុរក្សចំនួន០៨នាក់ ចុះពិនិត្យឡើងវិញលើទីតាំងដែលមានករណីការកាប់ឆ្ការ ដុត រុករានដីព្រៃចំនួន ២កន្លែង ក្នុងសំណុំរឿងលេខ០៤៥ ០៤៦/២០២៤ ឧជ ចុះថ្ងៃទី២៧.០៦.២០២៤ នៅចំណុចផ្លូវអូរស្រែ ស្ថិតនៅភូមិសាស្ត្រភូមិ ខ្លាឃ្មុំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ។ ដោយបានលទ្ធផល៖
១.ទីតាំងចំនួន០២កន្លែង ខាងលើនេះពិតជាមានករណីកាប់ឆ្ការ ដុត រុករានដីព្រៃ និងដាំដំណាំស្រូវ ពោត ដំឡូង ម្នាស់ ឪឡឹក និង ស្វាយចន្ទី ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងទំហំដីសរុប ៣.៤៧ហិកតា។
២.បានទទួលបញ្ជាដកចេញនូវដំណាំដែលបានដាំយកដីនៅក្នុងទីតាំងកាប់រានព្រៃដូចជា៖ ទីតាំងទី០១ ដកកម្ទេចនឹងកន្លែង មានកូនស្វាយចន្ទីចំនួន ១៣០ដើម ដើមដំឡូងចំនួន២៣៥ដើម ដើមពោតចំនួន ៦០ដើម ដើមម្នាស់ចំនួន ៣០ដើម ឪឡឹកចំនួន៥០ដើម។ ទីតាំងទី០២ បានដកកម្ទេចនឹងកន្លែងមានកូនស្វាយចន្ទីចំនួន ៤១ដើម ដើមដំឡូងចំនួន១១៨ដើម ដើមពោតចំនួន ១១៨ដើម ។
បទល្មើសខាងលើ កម្លាំងបានបន្តស្រាវជ្រាវស្វែងរកសាវតាមុខសញ្ញាជនសង្ស័យដើម្បីមកអនុវត្តតាមនីតិវិធីច្បាប់ ៕