វាមិនមែនជារឿងចៃដន្យទេ ដែលប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនទូទាំងប្រទេស បានប្តេជ្ញាចិត្តចូលរួមអនុវត្តក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទាំងនេះក៏ព្រោះតែប្រជាជនកម្ពុជាយើងបានចាប់ផ្តើមបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃការបំពុលដោយសំណល់ប្លាស្ទិក ហើយមិនបញ្ចប់នៅពេលនេះទេ នឹងបន្តធ្វើគ្មានថ្ងៃឈប់ ។
ការគាំទ្រ ពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការិនី និងសាធារណជនទូទៅនេះហើយ គឺជាផ្លូវទៅកាន់ភាពអស្ចារ្យ នៃសក្តានុពលពិតរបស់កម្ពុជា ដែលភាពស្អាតនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានកំពុងបោះជំហានទៅមុខបន្តទៀត គឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បានទទួលយកដំណើរនៃការផ្លាស់ប្តូរផ្នត់គំនិត ឆ្ពោះទៅកាន់ជីវិតដ៏ល្អបំផុត ដែលចាប់លេចរូបរាងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គិតមកដល់ថ្ងៃនេះ ចំនួនឃុំ/សង្កាត់ដែលបានចូលរួមមានចំនួន ៣៧៨ ឃុំ/សង្កាត់ ក្នុងចំណោម ១.៦៥២ ឃុំ/សង្កាត់ នៅទូទាំងប្រទេស។
ការអនុវត្តនេះ រំលេចចេញតាម «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ។ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង។
យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ «ភាពស្អាត ភាពបៃតង និងចីរភាព»។ ភាពស្អាត ជាមុំយុទ្ធសាស្ត្រមួយ ក្នុងចំណោមមុំទាំងបី យុទ្ធសាស្ត្រចក្រា ដែលផ្តោតលើ ភាពស្អាតនៃបរិស្ថានជុំវិញខ្លួន រួមមាន ស្អាតលើមេឃ ស្អាតលើដី និងស្អាតក្នុងទឹក ៕