នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ នាងខ្ញុំ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំយុវជន STEM មួយក្រុម ចុះទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន MG Pacific Company Limited.
ការចុះទស្សនកិច្ចសិក្សានេះ ក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនកម្ពុជា ដែលមានសក្តានុពលក្នុងការច្នៃប្រឌិត និងគិតគូរពីបរិស្ថាន បានសិក្សាស្វែងយល់អំពីដំណើរការនៃការផលិតសម្ភារប្រើប្រាស់ធ្វើពីកាកអំពៅ ដែលជាសម្ភារជំនួសឱ្យការប្រើប្លាស្ទិក។
លោក តាំង សុជាតិ ជានាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន MG បានបង្ហាញពីចង្វាក់ផលិតកម្មរបស់លោកដល់ប្អូនៗយុវជន ព្រមទាំងបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការផលិតរាល់សម្ភារប្រើប្រាស់ឱ្យបានច្រើនប្រភេទទៅតាមលទ្ធភាពដែលអាចធ្វើបាន ក្នុងគោលបំណងចូលរួមក្នុងសកម្មភាពកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីបរិស្ថានកម្ពុជា។
លោក សុជាតិ បានបញ្ជាក់បន្ថែមថាក្រុមហ៊ុនលោកកំពុងព្យាយាមប្រើវត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយក៏កំពុងសិក្សានូវវត្ថុធាតុដើមនានាដែលអាចដាំបានដោយប្រជាជនខ្មែរ ក៏ប៉ុន្តែត្រូវការការគាំទ្រពីទីផ្សារក្នុងស្រុក ព្រោះផលិតបានចំនួនតិចថ្លៃដើមខ្ពស់លក់មិនបានច្រើន ៕