ជារដ្ឋមន្ត្រីបន្តវេនដែលឡើងជំនួសតំណែងឯកឧត្តម សាយ សំអាល់ ក្នុងនីតីកាលទី ៧ នៃរាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធសាស្ត្រចក្រាដែលផ្ដោតលើលើមុំធំៗចំនួន ៣ គឺ «ស្អាត បៃតង និងចិរភាព»។
លោករដ្ឋមន្រ្តីបានផ្តួចផ្តើមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក » ដែលមានការចូលរួមពីពលរដ្ឋរាប់លាននាក់។ យុទ្ធនាការដាំដុះកូនឈើឲ្យបាន ១ លានដើមក្នុងមួយឆ្នាំ ដើម្បីឈានសម្រេចជាប្រទេសអព្យាក្រឹត្យកាបូន និងបង្កើនគម្របព្រៃឈើឲ្យបាន ៦០% ក្នុងឆ្នាំ ២០៥០ រួមទាំងដាក់ចេញយុទ្ធនាការសម្អាតផ្ទៃទឹក ដោយជំរុញឲ្យសហគ្រាសបំពាក់ប្រព័ន្ធតាមដានគុណភាពទឹកកខ្វក់ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ពលរដ្ឋ។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានរៀបចំបង្កើតថ្នាលបណ្តុះកូនឈើកម្រិតតំបន់តាមបណ្តាខេត្តធំៗចំនួន ៥ មានខេត្តត្បូងឃ្មុំ កំពង់ស្ពឺ កោះកុង សៀមរាប និងមណ្ឌលគិរី រួមទាំងប្រកាសបង្កើតកម្មវិធីប្រកួតប្រជែងគ្នា «កម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកតាមដងផ្លូវ» និងការដាក់ចេញនូវយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមគ្នារើសសំរាម ប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងតាមទីអារាមជាដើម។
សមិទ្ធផលដ៏ធំមួយទៀត ឯកឧត្តមរដ្ឋមន្រ្តី បានរៀបចំពិព័រណ៍ដើមឈើដ៏ធំបំផុតមិនធ្លាប់មាន «ពន្លកបៃតង» ដែលមានការចែកកូនឈើរាប់ម៉ឺនដើមដោយឥតគិតថ្លៃ ក្នុងចលនាបំផុសពលរដ្ឋនិងយុវជនចាប់ផ្ដើមស្រឡាញ់ដើមឈើ និងចូលរួមដាំដើមឈើតាមគេហដ្ឋាន វត្តអារាម សាលារៀន និងទីសាធារណៈនានា ។
រហូតមកទល់នឹងពេលនេះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត-ក្រុងទាំង ២៥ បានចូលរួម ដាំដើមឈើជាមួយព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅតាមទីសាធារណៈ ក្នុងវត្តអារាម ក្នុងសាលារៀន រួមទាំងដីតំបន់ការពារធម្មជាតិ យ៉ាងស្រាក់ស្រាំ ។
នៅឯខេត្តប៉ៃលិន នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ លោកប្រធានការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង ដឹកនាំមន្ត្រីឧទ្យានុរក្ស ចូលរួមដាំកូនឈើចំនួន៥០០ដើម នៅសង្ឃមណ្ឌលបរិស្ថាន ភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិនផងដែរ ៕