(ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានសម្តែងការអបអរសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ ដែលបានជួយជ្រោមជ្រែង ដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នេះជូនជាតិមាតុភូមិ។ ឯកឧត្តម បានសម្តែងការអបអរសាទរ យ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង៤៖២៨នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។ “កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”