ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងប្រគល់«ដាវអាជ្ញាសឹក» ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្ក្រាបឲ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ មេទ័ព វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានចេញ «ដាវអាជ្ញាសឹក» មួយទៀត ឲ្យមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបង្ក្រាបជាបន្ទាន់ ទៅលើជនណាបំផ្លិចបំផ្លាញកាប់គាស់ រុករានទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅទូទាំងប្រទេស ហើយបញ្ជាឲ្យស្រាវជ្រាវ រុករកជនទុច្ចរិតដែលសម្ងំលាក់ខ្លួននៅក្នុងតំបន់អភិរក្សព្រៃឈើធម្មជាតិ ដើម្បីបំផ្លិចបំផ្លាញធនធានធម្មជាតិ ។
បទបញ្ជានេះ ក៏បានឲ្យកម្លាំងកងទ័ពសហការ និងត្រៀមអន្តរាគមន៍ជួយក្រសួងបី គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងកាលៈទេសៈដែលក្រសួងទាំងបីមានតម្រូវឲ្យជួយបន្ទាន់ ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ដាវ «ដាវអាជ្ញាសឹក» នេះ ទៅឲ្យកងខេមរភូមិន្ទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលដ៏សំខាន់បំផុត ដើម្បីកម្ចាត់មេរោគសង្គមដ៏រ៉ាំរ៉ៃក្នុងការកាប់បំផ្លាញព្រៃឈើ ទោះមានការបង្ក្រាបដូចភ្លៀងរលឹមក៏ដោយ ។
ក្រោយសម្តេចធិបតី នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាយ៉ាងដូច្នេះ មានមនុស្សជាច្រើនបានអបអរសាទរចំពោះការបញ្ចេញ«ដាវអាជ្ញាសឹក» សម្រាប់កម្ចាត់ជនល្មើសដែលកំពុងបំផ្លិចបំផ្លាញជាតិ ពីព្រោះបទល្មើសទាំងនោះមិនមែនជារឿងថ្មីថ្មោងឡើយ តែវាជាជំងឺរ៉ាំរ៉ៃដែលមិនធ្លាប់ព្យាបាលជា ដោយសារតែខ្វះឱសថព្យាបាលឲ្យមានប្រសិទ្ធភាព ។
ជាការពិតណាស់ នេះមិនមែនជាលើកទី១ទេ ដែលរាជរដ្ឋាភិបាល តាំងពីអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបញ្ជាឲ្យប្រើវិធានការក្តៅប្រឆាំងនឹងបទល្មើសរ៉ាំរ៉ៃនេះផងដែរ ។ ដោយគ្រាន់តែរាប់ត្រួសៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេប្រាកដជានៅចាំបានពី វិធានការកណ្តាប់ដៃដែកទៅលើជនយកដីនៅជុំវិញបឹងទន្លេសាប ហើយឈានមកដល់ឥឡូវនេះ គឺការបញ្ចេញ«ដាវអាជ្ញាសឹក»បង្ក្រាបនឹងបទល្មើសក្នុងដែននៃជម្រកធម្មជាតិនៅទូទាំងប្រទេស។
សរុបមកវិញ បទបញ្ជាទាំងឡាយរបស់ប្រមុខដឹកនាំប្រទេស និងរបស់អគ្គបញ្ជាការកងទ័ព បានឆ្លុះឲ្យឃើញពីការយកចិត្តទុកដាក់លុបបំបាត់អំពើទុច្ចរិតនៅក្នុងសង្គម ពីព្រោះថា នៅលើលោកនេះប្រហែលជាគ្មានមេដឹកនាំប្រទេសណាមួយដែលមិនប្រាថ្នាចង់ឃើញវឌ្ឍនភាពប្រកបដោយភាពសុខដុមរមនាក្នុងសង្គមនៅក្រោមការដឹកនាំរបស់ខ្លួននោះឡើយ។ ប៉ុន្តែ នាយករដ្ឋមន្ត្រីម្នាក់ មិនអាចចេញបញ្ជាគ្រប់បញ្ហាបានទេ ។ ប្រសិទ្ធភាពពិតប្រាកដក្នុងការលុបបំបាត់បទល្មើសទាំងឡាយ គឺស្ថិតនៅលើសមត្ថភាពរបស់កងកម្លាំង ទាំងកងទ័ពក្តី កងរាជអាវុធហត្ថក្តី កម្លាំងនគរបាលក្តី និងជាពិសេស មនសិការស្រឡាញ់ជាតិ របស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ជាសេនាធិការរបស់រាជរដ្ឋាភិបាល ហើយការចូលរួមពីប្រជាសហគមន៍ពិតមិនអាចខ្វះបាន ។
គេនៅចងចាំប្រសាសន៍របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីថា «មន្ត្រីដ៏អាក្រក់របស់យើងណាក៏ដោយ ដែលពាក់ព័ន្ធនឹងអំពើទុច្ចរិតនេះ កុំអាងខ្លួនធ្វើការយូរ បម្រើគណបក្សយូរ គឺមិនលើកលែងឲ្យទេ គឺសមតែដេកគុក» ។ សម្តេចថា ចៅហ្វាយស្រុក ចៅហ្វាយខេត្តដែលប្រព្រឹត្តរឿងនេះ គឺមិនរួចខ្លួនឡើយ ហើយជនណាក៏ដោយដែលប្រព្រឹត្តក្នុងរឿងកាប់ព្រៃ មិនឲ្យរួចខ្លួន ថែមទាំងរឹបអូសយកមកវិញ រួមទាំង ទ្រព្យសម្បត្តិទាំងអស់ផងដែរ ។
ឈានចូលមកដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រើអភិក្រមចុងក្រោយយ៉ាងដាច់ណាត់ គឺ «វះកាត់» ផងដែរ ដែលកន្លងមកគេឃើញការ វះកាត់ ប្រត្យក្សនឹងភ្នែកហើយ ទោះពាក់ផ្កាយលើស្មាប៉ុន្មានក៏ដោយ !