នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ឯកឧត្តម ប៉ាក់ សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ ក្រុមការងារបច្ចេកទេសស្តីពីបរិស្ថាន នៃប្រទេសមហាអនុតំបន់មេគង្គ ដោយមានការចូលរួមពីប្រទេសចំនួន ៦ រួមមាន កម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម។
នៅក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ប៉ាក់ សុខារ៉ាវុត បានលើកឡើងអំពីតួនាទីរបស់ក្រុមការងារ WGE នៃប្រទេសមហាអនុតំបន់មេគង្គក្នុងការដឹកនាំរួមដើម្បីការពារ និងលើកកម្ពស់បរិស្ថានធម្មជាតិ។ ឯកឧត្តមបានអំពាវនាវឱ្យក្រុមការងារចូលរួមក្នុងការពិភាក្សារកដំណោះប្រកបដោយសក្តានុពលលើបញ្ហាប្រឈមទាំងអស់របស់ប្រទេស GMSប្រកបដោយប្រសិទ្ធភាព ជាពិសេស ត្រូវពិនិត្យ និងសម្រេចលើក្របខណ្ឌយុទ្ធសាស្រ្តពន្លឿនសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងនិរន្តភាពបរិស្ថានឆ្នាំ២០៣០របស់ប្រទេស GMS «GMS 2030 Strategic Framework for Accelerating Climate Action and Environmental Sustainability» និងសេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញស្តីពីការត្រៀមបង្កាការបំពុលប្លាស្ទិកនៅក្នុងមហាអនុតំបន់មេគង្គ«Phnom Penh Joint Statement on the Prevention of Plastic Pollution in the GMS» ។
ជាលទ្ធផល កិច្ចប្រជុំលើកទី២៨ ក្រុមការងារបច្ចេកទេសស្តីពីបរិស្ថាន WGE បានពិនិត្យ ពិភាក្សា និងឯកភាពលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
• ជំហានបន្តសម្រាប់គាំទ្រការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តពន្លឿនសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងនិរន្តភាពបរិស្ថានឆ្នាំ២០៣០របស់ប្រទេស GMS
• សេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញស្តីពីការត្រៀមបង្ការការបំពុលប្លាស្ទិកនៅក្នុងមហាអនុតំបន់មេគង្គ
• ការគ្រប់គ្រងគុណភាពបរិស្ថាន និងសេដ្ឋកិច្ចចក្រា
• ការកៀរគរហិរញ្ញប្បទានសម្រាប់ការបញ្ចេកាបូនតិច ហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ និងបច្ចេកវិទ្យា៕