ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សេង សោត អគ្គនាយករង លោក ផិត ពេឆរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត តំណាងមកពីរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការWCS CI និង Mekong Region Land Governance (MRLG) សរុបចំនួន៨នាក់ បានចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សាថ្នាក់តំបន់ ស្ដីពី «សុចរិតភាពសង្គមនៃកាបូនព្រៃឈើ» នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ។
កម្មវិធីនេះសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានព្រៃឈើប្រទេសឡាវ កម្មវិធីUN-REDD និងMRLG ដោយមានអ្នកចូលរួមមកពី ប្រទេសកម្ពុជា ឡាវ និងវៀតណាម និងអ្នកជំនាញមកពីអង្គការFAO UN-REDD CI WCS Amazon សរុបចំនួន៣៥នាក់ ក្នុងគោលបំណងដើម្បីផ្ដល់នូវឱកាសដល់អ្នកជំនាញ ចែករំលែកព័ត៌មានទាក់ទងនឹងគម្រោងរេដបូក ជាពិសេសអភិក្រមក្នុងកិច្ចការពារសង្គម។ ជាលទ្ធផល អ្នកចូលរួមបានទទួលបានចំណេះដឹង ព័ត៌មាន និងបទពិសោធន៍តាមរយៈសិក្ខាសាលា បទបង្ហាញរបស់អ្នកជំនាញ កិច្ចពិភាក្សាក្រុមប្រទេស ការចែករំលែកបទពិសោធន៍របស់ប្រទេស និងការចុះទស្សនកិច្ចសិក្សាដែលក្នុងនោះមានដូចជា៖
• បានយល់ដឹងពីទស្សនទាន អត្ថន័យនៃពាក្យសុចរិតភាពសង្គម តាមរយៈ វីដេអូករណីសិក្សាពីប្រទេសប៉ាពូនូហ្គីណេ ដែលក្នុងនោះផ្ដោត លើ សុចរិតភាពសង្គមកាបូនព្រៃឈើ ភាពខុសគ្នានៃសុចរិតភាពសង្គម និង កិច្ចការពារសង្គម ដែលជាបទពិសោធន៍សម្រាប់ការអនុវត្តដើម្បីឆ្ពោះទៅ សុចរិតភាពសង្គមក្នុងប្រទេសទាំងបីនិងអត្ថន័យនៃសុចរិតភាពក្នុងហិរញ្ញវត្ថុកាបូន។
• អ្នកចូលរួមបានចុះទស្សនកិច្ចសិក្សានៅទីតាំងចំនួន២ លើការអនុវត្តគម្រោងពាក់ព័ន្ធនឹងការបង្កើនជីវភាពរស់នៅរបស់សហគមន៍គោលដៅ តាមរយៈការធ្វើដំណាំដាំដុះ កសិរុក្ខកម្ម (ដំណាំកៅស៊ូ ដំណាំហូបផ្លែ សួនបន្លៃ ដំណាំស្រូវ) ការអភិរក្សព្រៃឈើ ក្រោមគម្រោង «ការអនុវត្តកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័ន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងការគ្រប់គ្រងទេសភាពព្រៃឈើប្រកបដោយនិរន្តរភាពនៅប្រទេសឡាវ» ដែលគម្រោងទទួលបានថវិកាគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) នៅឆ្នាំ២០១៩ ក្នុងគោលបំណងជំរុញអភិបាលកិច្ច និងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពក្នុងស្រុកចំនួន ១៧ និងរំពឹងថាអាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៥,៦ លាន tCO2eq ត្រឹមខែមិថុនា ឆ្នាំ២០២៤ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ៣៥៥.៨០០ នាក់ ដោយផ្ដោតលើសហប្រយោជន៍នៃសេដ្ឋកិច្ចសង្គម យេនឌ័រ នៅក្នុងតំបន់ជនបទរងគ្រោះ។
• ក្នុងនោះអ្នកចូលរួមបានរៀនសូត្រពីទស្សនកិច្ចសិក្សា ដែលឆ្លុះបញ្ចាំងពី សុចរិតភាពសង្គម ដែលក្នុងនោះមានដូចជា ជំរុញការចូលរួមរបស់សហគមន៍, ការបង្កើតឱ្យមានយន្តការនៃការបែងចែកអត្ថប្រយោជន៍ និងជីវភាពរស់នៅ, សិទ្ធិកាន់កាប់ដីធ្លី និងធនធាន, យន្តការដោះស្រាយជម្លោះ និងបណ្តឹងតវ៉ា,ការពិចារណាលើវប្បធម៌និងសង្គម, ការត្រួតពិនិត្យ និងរាយការណ៍ពីផលប៉ះពាល់សង្គម, តម្លាភាព និងគណនេយ្យភាព, និរន្តរភាពសង្គមយូរអង្វែង។ ក្នុងនោះដែរសកម្មភាពដែលអាចជួយជំរុញសុចរិតភាពសង្គមដូចជា ការចូលរួមកំណត់ព្រំប្រទល់ ការគ្រប់គ្រងតំបន់ការពារដែលជំរុញឱ្យមាន ប្រសិទ្ធភាពក្នុងការការពារព្រៃឈើ ការកំណត់ឱ្យបាននូវហានិភ័យ សម្រាប់ពាណិជ្ជកម្មកាបូន ក្រោមយន្តការទីផ្សារកាបូនស្ម័គ្រចិត្ត ការទូទាត់ផ្អែកលើលទ្ធផល ការឆ្លើយតបនឹងមាត្រា៦នៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីសជាដើម។
• កម្ពុជាមានបទពិសោធន៍អនុវត្តកម្មវិធីរេដបូកតាំងពីឆ្នាំ២០០៩ ជាមួយនឹងផ្ទៃដីប្រមាណជិត៤លានហិកតា ដែលក្នុងនោះមានគម្រោងចំនួន៤ ដែលកំពុងអនុវត្តសម្រាប់កាបូនព្រៃឈើ និងគម្រោងចំនួន៨កំពុងតែរៀបចំ ៕