ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានរៀបចំទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ក្រោមប្រធានបទ«ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» ក្រោមអធិបតីភាព ឯកឧត្តម សែម វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលក្រុង មេបញ្ជាការរង ស្នងការរង និងកងកម្លាំងទាំងបីប្រភេទ, មន្រ្តីឧទ្យានុរក្ស អាជ្ញាធរពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ក្រុមហ៊ុន ប្រជាពលរដ្ឋ យុវជនសសយក លោកគ្រូ អ្នកគ្រូ និសិ្សត នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ លោកគ្រូ អ្នកគ្រូ គរុកោលសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធជាតិកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យហ៊ុន សែន សឹ្ទងត្រែង វិទ្យាល័យព្រះរាជបូជនីយកិច្ច និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាគ្រូយើង សរុបប្រមាណ ៩៥០ នាក់ នៅមុខសាលាខេត្តស្ទឹងត្រែង។
ការរៀបចំទិវាអនាម័យបរិស្ថានជាតិ នេះធ្វើឡើងដើម្បីឱ្យមានការចូលរួមពីគ្រប់ស្រទាប់វណ្ណៈ សំអាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋាន ទីសាធារណៈ ដោយចេះទុកដាក់សំណល់ក្នុងធុងសំរាមបានត្រឹមត្រូវ និងដាំដើមឈើដើម្បីឱ្យមានភាពបៃតងស្រស់ស្អាត ជាពិសេសចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងជួយលើកស្ទួយសោភ័ណភាពទីក្រុង ទីប្រជុំជន ឱ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទេសភាពត្រកាល ជាពិសេសនឹងបានបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងទុកដាក់សំណល់ដោយការទទួលខុសត្រូវ ហើយបែងចែកគ្នាធ្វើអនាម័យបរិស្ថានជា ២ មុខព្រួញដូចខាងក្រុម:
ក្រុមទី១៖ ចាប់ផ្តើមចេញពីកន្លែងប្រារព្ធពិធីរហូតដល់មុខវត្តព្រះអង្គធំ
ក្រុមទី២៖ចាប់ផ្តើមចេញពីកន្លែងប្រារព្ធពិធីរហូតដល់គល់ស្ពានថ្ម មាត់ទន្លេ ៕