នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួមនិងឯកឧត្តម ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមបណ្ឌិត អាន់ ចុងជូ (Ahn Jong-Ju) ប្រធានទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងលោក ណាម ហូចេ (Nam Ho-Jae) តំណាងក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងសមាគមនិយោជក និងកម្មករនិយោជិត ព្រមទាំងដៃគូសហការ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួនជាង ២០០នាក់។
ឯកឧត្តម ហេង សួរ បានថ្លែងថា តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលត្រូវបានដាក់សម្ពោធនាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ និងផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យគឺ “មានលក្ខខណ្ឌការងារល្អ និងភាពសុខសាន្តនៅកន្លែងធ្វើការ” និង “គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ ដោយអនុលោមទៅតាមបទដ្ឋានស្តីពីសុវត្ថិភាព និងសុខភាពការងារជាតិ និងអន្តរជាតិ ដើម្បីបង្ការគ្រោះថ្នាក់ការងារ” ៕