ឯកឧត្តមរដ្ឋ អ៊ាង សុផល្លែត មន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Lee Hong Lan Deborah Anne នាយកប្រតិបត្តិនៃ ក្រុមហ៊ុន A1 Plastic Resources Company Limites និងសហការី ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសវនាការ តាវ សេងហួរ ។
លោកស្រី Lee Hong Lan Deborah Arnne បានជម្រាបពីគោលបំណងជូន ឯកឧត្ដមរដ្ឋមន្ត្រី និងជីវប្រវត្តិរបស់លោកស្រីផ្ទាល់ ដែលជាអ្នកវិនិយោគនៅហុងកុងជាង ៣៧ឆ្នាំ ។ លោកស្រីមកជាតំណាងឱ្យក្រុមហ៊ុនវិនិយោគនៅកម្ពុជា ដែលជាក្រុមហ៊ុនផ្តោតលើការយកចិត្តទុកដាក់កែច្នៃសំណល់ប្លាស្ទិក IPET ដែលនឹងជួយកាត់បន្ថយការបំពុល និង សម្រេចបាននូវសេដ្ឋកិច្ចចក្រារបស់កម្ពុជា ។
ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យលោក Adam Vance FETHERSTONHAUGH, Company Director ចូលសម្តែងការគួរសម និងជម្រាបជូនពីដំណើរការរបស់ក្រុមហ៊ុនរបស់លោក ដែលអាចចូលរួមចំណែកបាន ក្នុងការសម្រេចនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទៅលើភាពស្អាត ។
លោក Adam ក៏បានបង្ហាញផងដែរនូវរបាយការណ៍នាំចូលប្លាស្ទិក មានការថយចុះដល់ទៅជិត ៥០% ជាឱកាសដែលអាចចូលរួមបាន ដើម្បីកាត់បន្ថយការបំពុល តាមរយៈការផ្តល់សមត្ថភាពកែច្នៃឡើងវិញ សម្រាប់ក្រុមហ៊ុនជាលក្ខណៈពាណិជ្ជកម្ម និងការចូលទៅកាន់ទីផ្សារអន្តរជាតិ ។
លោក Adam បានជម្រាបពីសមត្ថភាពកែច្នៃបានចំនួន ៣.០០០គីឡូក្រាមក្នុងមួយម៉ោង ជាមួយបច្ចេកវិទ្យាខ្ពស់ (American and European Standard) មានទីតាំងធំនៅហុងកុង ជាក្រុមហ៊ុនធ្វើអាជីវកម្មដោយទុនផ្ទាល់ខ្លួន ១០០% ដូច្នេះក្រុមហ៊ុនស្នើសុំការគាំទ្រពីក្រសួងបរិស្ថាន ។
ជាការតបវិញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងភាពរីករាយស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ ។ ទោះជាបច្ចុប្បន្ន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់ប្រជាជនកម្ពុជាបានជាង ៤លាននាក់ក៏ដោយ ប៉ុន្តែមិនមែនជាចំណុចបញ្ចប់ទេ ។ ក្រសួងបរិស្ថានមានគម្រោងផ្តល់ធុងសំរាមដល់សាលាទាំងអស់នៅទូទាំងប្រទេស និងដាក់នៅតាមទីសាធារណៈផងដែរ ដែលមាន ៣ប្រភេទ មួយសម្រាប់សំណល់ប្លាស្ទិក មួយសម្រាប់សំណល់សិរីរាង្គ និង មួយទៀតសំណល់ទូទៅ ។ ចំពោះសាលារៀនយើងមានជាង ១៣.០០០សាលា ក្រុមហ៊ុនអាចដាក់លេខទូរស័ព្ទនៅលើនឹង ឲ្យគេហៅក្រុមហ៊ុនមកយកប្លាស្ទិកទៅកែច្នៃបាន ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ឯកឧត្ដមនឹងផ្តល់រថយន្តសម្រាប់ដឹកសំណល់ប្លាស្ទិកទៅឱ្យក្រុមហ៊ុន ពីព្រោះយើងចង់បានបំផុតគឺ កម្ពុជាស្អាត ពេលកម្ពុជាស្អាត ប្រាកដណាស់នឹងមានអ្នកវិនិយោគច្រើនចង់មកវិនិយោគនៅកម្ពុជា ។
ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនក្រុមហ៊ុនថា នៅពេលក្រុមហ៊ុនរៀបចំឯកសារទៅ CDC រួច ក្រសួង នឹង ជួយសម្របសម្រួល ដើម្បីឱ្យទទួលបានអាជ្ញាប័ណ្ណ (License) ឆាប់រហ័ស ៕