នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំ ម៉ុក ម៉ារ៉េត អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរៀបចំកិច្ចប្រជុំ ស្តីពីការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស ដែលដឹកនាំ ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការ ឯកឧត្តម អស់លោកតំណាងអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន នាយកដ្ឋានចំណុះក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគាំពារបរិស្ថាន ព្រមទាំងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួន ១១៤ រោងចក្រ សរុបអ្នកចូលរួមមានចំនួន ១៥០នាក់។
ខ្លឹមសារនៃកិច្ចប្រជុំបានផ្តោតទៅលើ ៤ ចំណុចសំខាន់ គឺ
១. ឯកឧត្តមប្រធានអង្គប្រជុំបានមណែនាំ ពីគោលបំណងនៃកិច្ចប្រជុំ និងបានបង្ហាញពីគោលនយោបាយរាជរដ្ឋបាភិបាល យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងបញ្ហាប្រឈមមួយចំនួនកំពុងកើតមានដែលបង្កការបំពុលដល់បរិស្ថាននិងសង្គម ។
២.ផ្សព្វផ្សាយ និងជំរុញឱ្យរោងចក្រសហគ្រាស ចូលរួមគោរព និងអនុវត្តច្បាប់ជាធរមានលើកិច្ចគាំពារបរិស្ថាន ពិសេសការចូលរួមបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ
៣. ជជែកពិភាក្សា សំណួរ-ចម្លើយ ក្នុងការស្វែងយល់ និងរកវិធានការផ្សេងៗ ក្នុងកិច្ចសហការចូលរួមលើកម្ពស់កិច្ចគាំពារបរិស្ថានឱ្យបានល្អប្រសើរ។
៤.រោងចក្រ សហគ្រាស នឹងបន្តកិច្ចសហការចូលរួមជាមួយក្រសួង លើការងារបំពាក់ឧករណ៍ខាងលើ ទៅតាមបច្ចេកទេស ដែលក្រសួងណែនាំ។