(ក្រសួងផែនការ)៖ នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម lgor DRIESMANS ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានប្រតិភូសហភាពអឺរ៉ុប(European Union) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ និងសហភាពអឺរ៉ុប ដើម្បីគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ថ្លែងក្នុងជំនួបឯកឧត្តម lgor DRIESMANS បានថ្លែងថា ចាប់តាំងពីការឆ្លងរាតត្បាត នៃជំងឺកូវីដ១៩ ជាសកលមក សហភាពអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់ និងបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានផ្តល់ការឧបត្ថម្ភគាំទ្រដល់កម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាធ្វើឱ្យមានប្រក្រតីភាពឡើងវិញក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិនិងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងអំឡុងពេលការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរកសាងអភិវឌ្ឍន៍សង្គមជាតិកម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី មានបំណងចង់ឱ្យប្រែក្លាយការធ្វើជំរឿននិងអង្កេតដែលផ្អែកលើការប្រើប្រាស់ក្រដាស ទៅជាឧបករណ៍ Digital ដោយបានស្នើដល់សហភាពអឺរ៉ុបផ្តល់ការគាំទ្របន្ថែមទៀតលើគម្រោងដែលបានឯកភាពគ្នា ជាជំនួយបច្ចេកទេស និងសម្ភារៈ ICT លើការងារជំរឿន និងអង្កេត ដែលក្នុងឆ្នាំ២០២៤នេះ ក្រសួងផែនការនឹងរៀបចំការធ្វើអង្កេតចន្លោះជំរឿនប្រជាជនផងដែរ។
ឯកឧត្តម lgor DRIESMANS បានវាយតម្លៃខ្ពស់ចំពោះសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយឯកឧត្តម lgor DRIESMANS បានបញ្ជាក់ថាស្ថានប្រតិភូអឺរ៉ុបប្រចាំប្រទេសកម្ពុជានឹងពិនិត្យលទ្ធភាពជាក់ស្តែងដើម្បីផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការនេះ។
ជាលទ្ធផលនៃជំនួប សហភាពអឺរ៉ុបនឹងផ្តល់ការគាំទ្រគម្រោងលើកកម្ពស់សមត្ថភាពដល់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ លើការពង្រឹងការសម្របសម្រួល និងដំណើរការការងារ ដោយផ្តោតសំខាន់ចំពោះការគ្រប់គ្រងគុណភាពនៃស្ថិតិផ្លូវការ; ការលើកកម្ពស់ភាពស៊ីចង្វាក់គ្នានៃវិធីសាស្រ្តសម្រាប់ការប្រមូល ការផលិត និងការផ្សព្វផ្សាយទិន្នន័យស្ថិតិ; ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបណ្តុះបណ្តាលមន្ត្រីទាំងនៅក្នុងវិទ្យាស្ថានជាតិស្ថិតិ និងក្នុងប្រព័ន្ធស្ថិតិជាតិ។