អេស្ការវ៉ាទ័រ ១ គ្រឿង និងមនុស្សជើងឆើត ៣ នាក់ត្រូវបានបានឃាត់ខ្លួន ពីបទបំផ្លាញព្រៃឈើ ដោយផ្តួលរំលំដើមឈើ តូច ធំ និង ឈូសឆាយសម្អាតព្រៃនៅចំណុចចំណុចជាប់ក្រុមហ៊ុនមៀង លីហេង និយាមកា 366981-1572556 ស្ថិតនៅភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃអាទិត្យ ទី ២៤ ខែមីនា ឆ្នាំ២០២៤ ។
កម្លាំងមន្ត្រីឧទ្យានុរក្សស្នាក់ការឈូកមាស នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានចុះប្រតិតិបត្តិការដល់ទីតាំងជាក់ស្ដែង ដែលឃើញមានឈូសឆាយដីព្រៃ និង ប្រទះឃើញគ្រឿងចក្រ (អេស្ការវ៉ាទ័រ ចំនួន ១ គ្រឿង និងរថយន្តម៉ាក ISUZU ប្រភេទកង់ដប់ ស្លាកលេខ បន្ទាយមានជ័យ 3A-0167 ចំនួន ១ គ្រឿង) កំពុងធ្វើសកម្មភាពយ៉ាងងងើល ផ្ដួលរំលំដើមឈើតូចធំ ជាច្រើន ដើមលើផ្ទៃដី ប្រហែលចំនួន ១.៥៣ ហិកតា ។
អ្វីដែលហួសចិត្ត នៅពេលកម្លាំងសួរនាំម្ចាស់គ្រឿងចក្រ នូវរាល់លិខិតស្នាមពាក់ព័ន្ធ ក្នុងការនាំគ្រឿងចក្រ ចូលសម្អាតព្រៃក្នុងតំបន់ការពារធម្មជាតិនេះ ស្រ្ដីម្នាក់ដែលជាម្ចាស់ដី និងជាម្ចាស់គ្រឿងចក្រ បានស្រែកជេរប្រមាថដល់មន្ដ្រីយ៉ាងខ្លាំង ។
ដោយយល់ឃើញសភាពការណ៍មិនស្រួល កងកម្លាំងបានស្នើសុំលោក វុន ធឿន អនុប្រធានការិយាល័យដែនជម្រកសត្វចុះដឹកនាំមន្ត្រីការិយាល័យ និង មន្ត្រីឧទ្យានុរក្សនៅតាមស្នាក់ការ នៃតំបន់ការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នទាំងអស់ ចុះអន្ដរាគមន៍ជាបន្ទាន់ ។
ស្ថានភាពកាន់តែតានតឹង ដោយកូនប្រុសរបស់ជនសង្ស័យបានទាញកាំបិតដេញកាប់មន្ដ្រីរបស់យើង ។ ភ្លាមនោះ លោក វុន ធឿន ក៏បានរាយការណ៍ទៅលោកប្រធានមន្ទីរ និងលោក ប្រធានការិយាល័យដែនជម្រកសត្វព្រៃ ដើម្បីសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញា ។
ក្រោយការសម្រេចបើកផ្លូវពីព្រះរាជអាជ្ញា មន្ត្រីរបស់យើង បានសហការជាមួយលោក ប៊ុត វ៉ាន់ដេត អភិបាលរងក្រុងសំរោង បានចុះដល់ទីតាំងជាក់ស្ដែង និង បង្ក្រាបបានបទល្មើសធនធានធម្មជាតិខាងលើដោយជោគជ័យ រួមទាំងឃាត់បានជនសង្ស័យចំនួន ៣នាក់ អេស្ការវ៉ាទ័រចំនួន ១គ្រឿង រថយន្ដម៉ាក ISUZU ប្រភេទកង់ដប់ ចំនួន ១ គ្រឿង និងម៉ូតូ ម៉ាក HONDA គ្មានស្លាកលេខចំនួន ១ គ្រឿង ដោយនាំយករក្សាទុកនៅមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដើម្បី កសាងសំណុំរឿងតាម នីតិវិធីច្បាប់ ៕