មានពុទ្ធបរិស័ទ និងប្រជាពលខ្មែរតិចណាស់ដែលបានស្គាល់មជ្ឈមណ្ឌលវិបស្សនាវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតនៅកណ្តាលព្រៃធម្មជាតិ នៃឧទ្យានជាតិព្រះកុសមៈ គីរីរម្យ ក្នុងទឹកដីខេត្តកំពង់ស្ពឹ មានចម្ងាយពីភ្នំពេញភាគខាងលិច ៩០ គីឡូម៉ែត្រ ព័ទ្ធជុំវិញដោយព្រៃព្រឹក្សាធម្មជាតិបៃតងដ៏ស្រស់ថ្លានៃចិត្ត និងអារម្មណ៍ ។
ដោយសារអំណោយផលពីធម្មជាតិផងនោះ ធ្វើឱ្យទីតាំងនេះ ត្រូវបានឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានគំនិតផ្តួចផ្តើមដ៏ជ្រះថ្លា ប្រែក្លាយទីឋាននេះ ទៅជាកន្លែងវិបស្សនា សមាធិ សម្រាប់ពុទ្ធបរិស័ទខ្មែរ ជិតឆ្ងាយ ដែលមានបំណងមកលាងសម្អាតចិត្តឲ្យសស្អាត ស្ងប់ស្ងាត់ ដូចព្រៃព្រឹក្សា តាមរយៈការគយគន់ទេសភាពធម្មជាតិពណ៌បៃតង ជាមួយនឹងទឹកបឹងថ្លាយង់ ក្រោមម្លប់ឈើដ៏ត្រជាក់ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តផង មកតាំងសមាធិផង ហើយពលរដ្ឋនៅជិតនោះ ក៏រកចំណូលបានចិញ្ចឹមជីវភាពរបស់ពួកគាត់ផងដែរ ។
ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា មណ្ឌលវិបស្សនាវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ សាងសង់ឡើងសម្រាប់ប្រជាពលរដ្ឋ និងជារបស់ខ្មែរទាំងមូល ធ្វើឡើងក្នុងគោលបំណង ក្រៅពីឲ្យពុទ្ធបរិស័ទយើងមានចិត្តស្អាតហើយ ចូលរួមក្នុងការកសាងឲ្យប្រទេសរបស់យើងបានស្អាតផងដែរ ។
ឧបាសិកា រ ធម្មបណ្ឌិត ញឹក ប៊ុនថា បានចងចាំប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអញ្ជើញ មកពិនិត្យដល់ទីកន្លែងផ្ទាល់ពីដំបូងថា ទីកន្លែងនេះជា «ពេជ្រមិនទាន់ច្នៃ» នឹងច្នៃឲ្យទៅជាទីកន្លែងមួយស្រស់បំព្រង ទាំងចិត្តជ្រះថ្លា អមដោយបរិស្ថានបៃតងព័ទ្ធជុំវិញ ដែលជាស្នាដៃដ៏វិសេសវិសាល ដើម្បីជាទីកន្លែងបំពេញកុសល ។ ជាក់ស្តែងសម្តេចសង្ឃពីប្រទេសស្រីលង្កា ភូមា និងព្រះអនន្ត ជាដើម បាននិមន្តមកឃើញផ្ទាល់ព្រះនេត្រ និងមានសង្ឃដីកាថា ទីកន្លែងនេះមិនមែនសម្រាប់តែកម្ពុជាទេ គឺសម្រាប់ពិភពលោកតែម្តង ហើយដែលល្អស្អាតជាងគេបំផុត មានរចនា និងការចារគម្ពីរព្រះត្រ័យបិដកនៅជុំវិញមជ្ឈមណ្ឌលនេះ ហើយជាបទពិសោធ និងជាគំរូល្អមួយ ត្រូវតែរៀនសូត្រយកទៅអនុវត្តនៅស្រីលង្កា ។ ព្រះអង្គចាប់អារម្មណ៍ខ្លាំងជាងគេ គឺទីកន្លែងសមាធិ វិបស្សនា និងកន្លែងកសាងព្រះពុទ្ធរូបចំនួន ៨៤.០០៥ អង្គ គ្មានប្រទេសណាធ្វើបានទីកន្លែងធំល្អស្អាតដូចកម្ពុជាទេ ។
ឧបាសិកា បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានអនុញ្ញាត បើកទូលាយឲ្យពុទ្ធបរិស័ទ និងប្រជាពលរដ្ឋដែលចង់មកសមាធិ សម្អាតចិត្តឲ្យបានផូរផង់ ដើម្បីសេចក្តីសុខ ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រី កសាង និង ថែរក្សាឲ្យគង់វង្សយូរអង្វែងតទៅទៀត ៕