នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រុមការងារជំរុញការចុះកិច្ចសន្យា បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ របស់រោងចក្រ សហគ្រាស បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីរៀបចំផែនការ និងកំណត់យកគោលដៅសម្រាប់ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដឹកនាំដោយ ឯកឧត្តម ម៉ៅ សុវ៉េង អនុរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី ឯកឧត្តម ដាញ់ សេរី អនុប្រធានអចិន្រៃ្តយ៍ ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ និងប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលនិងរាជធានីភ្នំពេញ សរុប ចំនួន១៥នាក់។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យលើទិន្នន័យរោងចក្រ សហគ្រាស ក្នុងភូមិសាស្រ្តខេត្តកណ្ដាល និងរាជធានីភ្នំពេញ ជាគោលដៅដំបូងក្នុងការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងរៀបចំផែនការក្នុងការចុះជំរុញ និងតាមដាន ដើម្បីឈានដល់ការចុះកិច្ចសន្យាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ របស់រោងចក្រ សហគ្រាស ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មុំទី១«ភាពស្អាត»។
ជាលទ្ធផលអង្គប្រជុំសម្រេចដូចខាងក្រោម៖
១. មន្ទីរបរិស្ថានខេត្តកណ្ដាល និងរាជធានីភ្នំពេញ ត្រូវកំណត់យករោងចក្រ សហគ្រាសចំនួន ១០ ក្នុងការចុះជំរុញការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ ក្នុងរយៈពេល០១ខែ ដើម្បីធ្វើការផ្សព្វផ្សាយ ណែនាំ និងពន្យល់ពីទិដ្ឋភាពច្បាប់របស់ក្រសួងបរិស្ថាន ឈានដល់ការចុះកិច្ចសន្យាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ទប់ស្កាត់ការបំពុលបរិស្ថាន និងរក្សាបានការអភិវឌ្ឍដោយចីរភាព។
២. មន្ទីរបរិស្ថានខេត្តកណ្ដាល និងរាជធានីភ្នំពេញ ត្រូវត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបនូវសំណួរពាក់ព័ន្ធពីការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ របស់រោងចក្រ សហគ្រាស និងត្រូវរៀបចំរបាយការណ៍ស្ដីពីលទ្ធផល និងបញ្ហាប្រឈមនៃការចុះជំរុញការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យជូនប្រធានក្រុមការងាររៀងរាល់ថ្ងៃសុក្រ។
៣. ក្នុងករណីរោងចក្រ សហគ្រាស ដែលបានចុះជំរុញនិងណែនាំរួចហើយ ពុំអនុវត្តតាមការណែនាំរបស់មន្ទីរបរិស្ថាន ត្រូវស្នើសុំក្រុមការងាររបស់ក្រសួងបរិស្ថានដើម្បីបន្ដនីតិវិធី។